កម្ពុជា ចូលរួមក្នុងកិច្ចសន្ទនាធុរកិច្ចរុស្ស៊ី-អាស៊ាន

សង្គម​ និង​សេដ្ឋកិច្ច

លោក លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចសន្ទនាធុរកិច្ចរុស្ស៊ី-អាស៊ាន នាអំឡុងពេលនៃវេទិកាសេដ្ឋកិច្ចបូព៌ា លើកទី១១ (11th Eastern Economic Forum) ក្រោមមូលបទ «The Far East – A Pole of International Interaction»កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចសន្ទនាធុរកិច្ចរុស្ស៊ី-អាស៊ាន ផ្តោតលើការប្រែក្លាយការប្តេជ្ញាចិត្តនៅក្រោមក្របខ័ណ្ឌផែនការសកម្មភាពការងារគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងអាស៊ាន ឆ្នាំ២០២៦-២០៣០ ទៅជាសមិទ្ធផលជាក់ស្តែង និងការជំរុញសក្តានុពលតំបន់ចុងបូព៌ារបស់រុស្ស៊ី ឱ្យក្លាយជាមជ្ឈមណ្ឌលថ្មីសម្រាប់ពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី–អាស៊ាន ប្រធានសភាពាណិជ្ជកម្មរុស្ស៊ី អនុរដ្ឋមន្ត្រីទី១ នៃសហព័ន្ធរុស្ស៊ីទទួលបន្ទុកការអភិវឌ្ឍតំបន់ចុងបូព៌ា និងតំបន់អាក់ទិក អនុប្រធានទទួលបន្ទុកការអភិវឌ្ឍអន្តរជាតិ Sistema អនុប្រធាន VEB.RF អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល និងទំនាក់ទំនងមីយ៉ាន់ម៉ា និងប្រធាន DNS Group។ កិច្ចពិភាក្សាបានកត់សម្គាល់អំពីសារៈសំខាន់នៃប្រព័ន្ធបច្ចេកវិទ្យា និងសន្តិសុខសាយប័រ ដែលអាចជួយជំរុញការតភ្ជាប់រវាងតំបន់ទាំងពីរ។

នាឱកាសនោះ លោកអនុរដ្ឋលេខាធិការ បានអបអរសាទរចំពោះការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៥ នៃកិច្ចសហប្រតិបត្តិការអាស៊ាន–រុស្ស៊ី និងខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា–រុស្ស៊ី នៅឆ្នាំ២០២៦ និងបានគូសបញ្ជាក់អំពីកំណើនទំហំពាណិជ្ជកម្មរវាងអាស៊ាន និងរុស្ស៊ី គួរឱ្យកត់សម្គាល់៕