សម្តេចធិបតី៖ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតទេ

សង្គម​ និង​សេដ្ឋកិច្ច

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការថា ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ឬមិនកាត់ ឬកាត់បណ្តាញអ៊ិនធឺណិតពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងបែបនេះ ដោយថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើនពាក់ព័ន្ធនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃមួយចំនួន ឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។

សម្តេចធិបតី បានបញ្ជាក់បន្ថែមថា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកសម្តេចថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានសមត្ថភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។

ដោយឡែកឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់រួចហើយអំពីសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាគ្រប់គ្រាន់ដោយខ្លួនឯង។ 

បន្ថែមលើក្រសួងពីរខាងលើ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យក្រសួងស្ថាប័នរបស់កម្ពុជា ពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើអ្នកមានការគំរាមកំហែងកាត់ផ្ដាច់អ្វីផ្សេងទៀតមកកម្ពុជាផងដែរ។

សូមជម្រាបជូនថា ការឆ្លើយតបរបស់កម្ពុជាពាក់ព័ន្ធបណ្តាញអគ្គិសនី បន្ទាប់ពីថ្មីៗនេះ ក្រសួងការបរទេសថៃ បានព្រមានកាត់ផ្តាច់ចរន្តអគ្គិសនីដែលលក់ឲ្យកម្ពុជា បើកម្ពុជាមិនព្រមធ្វើតាមការចង់បានរបស់ភាគីថៃលើបញ្ហាព្រំដែន៕