គណៈប្រតិភូរដ្ឋសភាកម្ពុជា រួមជាមួយប្រទេសចំនួន២២ បានប្តេជ្ញារួមគ្នាលើកកម្ពស់តួនាទីសភាក្នុងការឆ្លើយតបបម្រែបម្រួលប្រជាសាស្ត្រ នៅលើវេទិកាសន្និសីទប្រចាំឆ្នាំ AFPPD នៅប្រទេសម៉ាឡេស៊ី។

លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រចាំឆ្នាំរបស់វេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) ក្រោមមូលបទ «ការដឹកនាំរបស់សភាសម្រាប់អនាគត» នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នេះនៅរដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
រដ្ឋសភាជាតិ បានឱ្យដឹងថា វត្តមានរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជាក្នុងវេទិកាតំបន់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងសកម្មរបស់កម្ពុជា ក្នុងការពង្រឹងតួនាទីនីតិប្បញ្ញត្តិ ដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលប្រជាសាស្ត្រ និងការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព រួមជាមួយសមាជិកសភាជាង ១០០ រូប មកពី ២២ ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាហ្វ្រិក។

នៅក្នុងសន្និសីទនេះ គណៈប្រតិភូកម្ពុជាបានចូលរួមពិភាក្សា និងផ្លាស់ប្តូរទស្សនទានជុំវិញការកែលម្អបរិយាកាសគោលនយោបាយ និងយន្តការច្បាប់ សំដៅគាំទ្រការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ ព្រមទាំងរបៀបវារៈឆ្នាំ២០៣០ សម្រាប់អភិវឌ្ឍប្រកបដោយចីរភាព។
សូមជម្រាបដែរថា អង្គសន្និសីទទាំងមូលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើសសរស្តម្ភយុទ្ធសាស្ត្រគន្លឹះទាំង ៤ របស់ AFPPD រួមមាន៖ · សមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី · ការវិនិយោគលើថាមពល និងសក្តានុពលយុវជន · ការលើកកម្ពស់មនុស្សចាស់សកម្ម · ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ពិធីបើកសន្និសីទនេះ បានប្រព្រឹត្តទៅក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឥស្សរជនជាន់ខ្ពស់អន្តរជាតិ រួមមាន លោក Dato Awang Bemee Awang Ali Basah ប្រធានព្រឹទ្ធសភានៃប្រទេសម៉ាឡេស៊ី, លោក Alexander Nanta Linggi រដ្ឋមន្ត្រីក្រសួងការងារម៉ាឡេស៊ី, លោកស្រី Kamikawa Yoko សមាជិកសភាជប៉ុន និងជាប្រធាន AFPPD ព្រមទាំងលោក Pio Smith អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផ្នែកកម្មវិធីនៃមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)៕ អត្ថបទ៖ហ្សាលីន


