កម្ពុជា-ចិន បានរួមគ្នាដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន ផ្តោតលើរបៀបវារៈសំខាន់ៗចំនួន៤ ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ។

កិច្ចសន្ទនានេះ បានធ្វើឡើងកាលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច កសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចចិន សំដៅជំរុញឱ្យមានការពង្រីកវិសាលភាពវិនិយោគបន្ថែម និងទាក់ទាញការវិនិយោគថ្មីៗទៀតមកកម្ពុជា។
កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន បានផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន៖
១. ការពិនិត្យលើបច្ចុប្បន្នភាព និងវឌ្ឍនភាពការងារ តាមរយៈការវាយតម្លៃរួមគ្នាលើស្មារតីដែលបានដាក់ចេញនៅក្នុងកិច្ចសន្ទនាលើកទី១,២. ការពិភាក្សាលើបច្ចុប្បន្នភាពស្តីពីគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា, ៣. ការចូលរួមមតិយោបល់ បញ្ចេញទស្សនៈ និងសំណូមពរពីតំណាងក្រុមហ៊ុនសហគ្រាសចិន ភ្ជាប់ជាមួយការឆ្លើយតប បកស្រាយពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, និង៤. ការកំណត់ និងដាក់ចេញនូវទិសដៅការងារបន្ត។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានស្វាគមន៍ទៅកាន់ទូតចិន និងវិនិយោគិន ធុរជន និងតំណាងក្រុមហ៊ុនសហគ្រាសចិនទាំងអស់ ដែលមានវត្តមានចូលរួមក្នុងជំនួបសន្ទនានេះ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងទាន់ពេលវេលា។

តាមរយៈកិច្ចសន្ទនានោះ កម្ពុជា-ចិន បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលផ្លែផ្កាដែលទទួលបានពីយន្តការនៃកិច្ចសន្ទនានេះ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្ម បង្កើនទំហំវិនិយោគទ្វេភាគី លើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពអំណោយផល និងឆ្លើយតបបានទាន់ពេលវេលា សំដៅនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង និងការអភិវឌ្ឍប្រកបដោយចីរភាពជូនដល់ប្រជាជន និងប្រទេសទាំងពីរ៕អត្ថបទ៖ហ្សាលីន


