សិង្ហបុរី ប្រកាសប្រាក់ចំណូលពីពន្ធក្នុងចំនួនសរុបជិត ៨០ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការដែលបានចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា បានបង្ហាញថាចំណូលពន្ធរបស់ប្រទេសសិង្ហបុរី បានកើនឡើង ៩,៤% ពីឆ្នាំមុន ដល់ចំនួនសរុប ៩៧,៣ពាន់លានដុល្លារសិង្ហបុរី (៧៦,៨ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៥/២០២៦ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន អាជ្ញាធរចំណូលផ្ទៃក្នុងនៃប្រទេសសិង្ហបុរី (IRAS) បានសន្មតថាការកើនឡើងនៃចំណូលពន្ធដ៏ច្រើននេះ គឺដោយសារតែសកម្មភាពសេដ្ឋកិច្ច និងការចំណាយរបស់អ្នកប្រើប្រាស់កាន់តែរឹងមាំ។

ចំណូលពន្ធសរុបដែលប្រមូលបានមានចំនួន ៧៤,៨% នៃចំណូលប្រតិបត្តិការរបស់រដ្ឋាភិបាល និង ១២,៣% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសសិង្ហបុរី។

យោងតាម IRAS បាននិយាយថា ចំណូលពន្ធនៅតែជាកត្តារួមចំណែកដ៏សំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងកសាងប្រទេសជាតិរបស់សិង្ហបុរី។ ពន្ធនេះអនុញ្ញាតឱ្យយើងកសាងសហគមន៍ដ៏រឹងមាំ និងមានការរួមបញ្ចូល ក៏ដូចជាបង្កើនសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព”។

គួរជម្រាបជូនផងដែរថា ចំពោះប្រភពចំណូលពន្ធសំខាន់ៗ ដែលសិង្ហបុរីប្រមូលបាន រួមាមនពន្ធលើប្រាក់ចំណូលក្រុមហ៊ុន មានចំនួន ៣៤,៤ពាន់លានដុល្លារសិង្ហបុរី (ជាប្រភពចំណូលធំជាងគេ ស្មើនឹង ៣៥,៤%)។ ពន្ធលើទំនិញ និងសេវាកម្ម មានចំនួន ២១,៧ពាន់លានដុល្លារសិង្ហបុរី (២២,៣%) ពន្ធលើប្រាក់ចំណូលបុគ្គល មានចំនួន ២០,៩ពាន់លានដុល្លារសិង្ហបុរី (២១,៥%) ពន្ធតែមប្រិ៍(Stamp duty) មានចំនួន ៧,៣ពាន់លានដុល្លារសិង្ហបុរី និងពន្ធលើអចលនទ្រព្យ មានចំនួន ៦,៩ពាន់លានដុល្លារសិង្ហបុរី៕​