ក្រុមហ៊ុន ៣២ ប្រមូលទុនបានជាង ១,២ ពាន់លានដុល្លារ ពីទីផ្សារមូលបត្រកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ចាប់តាំងពីការបង្កើតឱ្យមានទីផ្សារមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា រហូតមកដល់ឆមាសទី១ ឆ្នាំ២០២៦ នេះ ទីផ្សារមូលបត្រកម្ពុជាបានបង្ហាញពីវឌ្ឍនភាព និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានក្រុមហ៊ុនសរុបចំនួន ៣២ បានធ្វើការកៀរគរដើមទុន និងប្រមូលសាច់ប្រាក់ពីទីផ្សារបានរហូតដល់ ១.២៦២,៥៦ លានដុល្លារអាម៉េរិក ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ផ្លូវការ របស់និយ័តករមូលបត្រកម្ពុជា ក្នុងចំណោមក្រុមហ៊ុនទាំង៣២នោះ មានក្រុមហ៊ុនចំនួន ២៧ បានបោះផ្សាយលក់មូលបត្រជាសាធារណៈ និងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា (ផមក)។ នៅក្នុងនោះ រួមមាន៖ មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) មានក្រុមហ៊ុនចំនួន ១២ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ដោយក្នុងនោះ ក្រុមហ៊ុនចំនួន ៩ បានចុះបញ្ជីលក់នៅ «ទីផ្សារគោល» និងក្រុមហ៊ុនចំនួន ៣ ទៀត បានចុះបញ្ជីនៅ «ទីផ្សារកំណើន»។ការបោះផ្សាយលក់ភាគហ៊ុននេះ អាចប្រមូលសាច់ប្រាក់ពីទីផ្សារបានចំនួន ១៣៤,៨១ លានដុល្លារអាម៉េរិក។

មូលបត្របំណុល មានក្រុមហ៊ុនចំនួន ១៥ បានបោះផ្សាយលក់សញ្ញាបណ្ណ និងចុះបញ្ជីនៅ ផមក ដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ផងដែរ។ ក្រុមហ៊ុនទាំងនេះប្រមូលសាច់ប្រាក់បានចំនួន ៥៦៥,៧៥ លានដុល្លារអាម៉េរិក។

បន្ថែមពីលើការបោះផ្សាយជាសាធារណៈ និយតករមូលបត្រកម្ពុជា (ន.ម.ក.) ក៏បានផ្តល់ការអនុញ្ញាតដល់ក្រុមហ៊ុនចំនួន ៥ ផ្សេងទៀត ក្នុងការបោះផ្សាយលក់មូលបត្របំណុលជាឯកជន ដែលអាចប្រមូលសាច់ប្រាក់បានចំនួន ៥៦២ លានដុល្លារអាម៉េរិក។