ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក «វេទិកាកូលាំងយូ ២០២៦» ស្ដីពី កិច្ចពិភាក្សាតុមូលរបស់ថ្នាក់ដឹកនាំធុរកិច្ចពិភពលោកសម្រាប់ការវិនិយោគសកលកាលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូកម្ពុជា បានស្នើចំនួន ៣ចំនុចសំខាន់ ដើម្បីបង្កើតបរិយាកាសវិនិយោគប្រកបដោយចីរភាព។

ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកវេទិកានោះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានស្នើឡើងនូវគោលការណ៍គ្រឹះចំនួន ៣ សម្រាប់បង្កើតបរិយាកាសវិនិយោគប្រកបដោយចីរភាពរួមមាន៖
១. ការព្យាករណ៍បាន (Predictability)៖ វិនិយោគិនត្រូវការច្បាប់ទម្លាប់ដែលច្បាស់លាស់ រាជរដ្ឋាភិបាលមានភារកិច្ចផ្តល់ជូននូវច្បាប់ប្រកបដោយតម្លាភាព គោលនយោបាយមានស្ថិរភាព និងគ្រឹះស្ថានស្ថាប័នដែលអាចពឹងផ្អែកបាន។ លោកបានសង្កត់ធ្ងន់ថា សម្រាប់ស្ថាប័ន ក.អ.ក. ភារកិច្ចមិនមែនបញ្ចប់ត្រឹមតែការអនុម័តគម្រោងនោះទេ ប៉ុន្តែវាជាចំណុចចាប់ផ្តើមនៃការទទួលខុសត្រូវក្នុងការ អមដំណើរវិនិយោគិនពីដំណាក់កាលអនុវត្ត ប្រតិបត្តិការ រហូតដល់ការពង្រីកខ្លួន។ កម្ពុជាបានបង្កើតយន្តការសន្ទនាផ្ទាល់ជាទៀងទាត់ រួមមាន វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), កិច្ចសន្ទានារវាងរដ្ឋនិងវិស័យឯកជន (P-PSD) រៀងរាល់៦ខែម្តង និងគំនិតផ្តួចផ្តើមថ្មីចុងក្រោយបំផុតគឺ កម្មវិធី Open Day with DPM ដើម្បីដោះស្រាយបញ្ហាប្រឈមជូនវិនិយោគិនបានទាន់ពេលវេលា។

២. ភាពជាដៃគូ (Partnership)៖ ការវិនិយោគនៅបរទេសដែលជោគជ័យមិនអាចផ្អែកលើតែដើមទុននោះទេ ប៉ុន្តែទាមទារនូវ «ទំនុកចិត្ត»។ ក្រុមហ៊ុនដែលទៅវិនិយោគបរទេសគួរសម្លឹងមើលខ្លួនឯងជា «ដៃគូអភិវឌ្ឍន៍» របស់ប្រទេសម្ចាស់ផ្ទះ តាមរយៈការបង្កើតការងារ អភិវឌ្ឍសមត្ថភាពក្នុងស្រុក ផ្ទេរបច្ចេកវិទ្យា ថែរក្សាបរិស្ថាន និងគោរពវប្បធម៌មូលដ្ឋាន។ លោកបានលើកឡើងថា កម្ពុជាទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការវិនិយោគរបស់ចិនលើវិស័យកម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងបច្ចេកវិទ្យា ដោយសារគម្រោងទាំងនោះត្រូវបានកសាងឡើងនៅលើមូលដ្ឋាននៃផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។
និង៣. ការធ្វើពិពិធកម្ម និងការតភ្ជាប់ (Diversification and Connectivity)៖ នៅក្នុងពិភពលោកដែលមានភាពមិនប្រាកដប្រជា ភាពធន់កើតចេញពីការមានជម្រើសច្រើន។ ការធ្វើពិពិធកម្មទីផ្សារ អ្នកផ្គត់ផ្គង់ ទីតាំងផលិតកម្ម ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម គឺជាកត្តាចាំបាច់។ កម្ពុជាបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយចិន អាស៊ាន និងដៃគូទូទាំងពិភពលោក ដោយមិនតម្រូវឱ្យមានការជ្រើសរើសរវាងដៃគូណាមួយឡើយ ព្រោះការតភ្ជាប់កាន់តែច្រើន នាំមកនូវឱកាសកាន់តែច្រើន និងកាត់បន្ថយហានិភ័យ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្ញើសារយ៉ាងសាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅជូនចំពោះក្រុមហ៊ុនចិន និងវិនិយោគិនអន្តរជាតិថា៖ «សូមអញ្ជើញមកជជែកពិភាក្សាជាមួយកម្ពុជាមុនពេលវិនិយោគ ជជែកអំឡុងពេលវិនិយោគ និងបន្តជជែកបន្ទាប់ពីបានវិនិយោគរួច»។ រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការស្ដាប់ ក៏ដូចជាជួយគ្រប់គ្រងហានិភ័យ និងធ្វើការជាមួយគ្នាជាដៃគូរយៈពេលវែង៕ អត្ថបទ៖ហ្សាលីន

