តម្លៃប្រេងឆៅសកលហក់ឡើងដល់កម្រិតកំពូល ក្នុងរយៈពេល ៦សប្តាហ៍ចុងក្រោយ

អន្តរជាតិ

តម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងជិតដល់ ៩៨ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអ៊ីរ៉ង់ បានប្រកាសថាខ្លួននឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលទូទៅនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដើម្បីជាការសងសឹកចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបិទការជួញដូរនៅថ្ងៃទី៧ ខែកញ្ញា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ១,១% ដល់ ៩៧,៣ដុល្លារក្នុងមួយបារ៉ែល។ ក្នុងអំឡុងពេលនៃវគ្គជួញដូរនោះ តម្លៃប្រេងឆៅនេះ បានហក់ឡើងដល់ ៩៨ដុល្លារមួយរយៈខ្លី ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីថ្ងៃទី២៤ ខែកក្កដាមក។ ទន្ទឹមនឹងនេះ ប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិក ក៏បានឡើងដល់ ៩៣,៣ដុល្លារផងដែរ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំមួយសប្តាហ៍ចុងក្រោយ។

យ៉ាងណាមិញ ទីផ្សារប្រេងឆៅបានកើនឡើងយ៉ាងខ្លាំងបែបនេះ បន្ទាប់ពីអ៊ីរ៉ង់បានប្រកាសថាខ្លួននឹងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅទូទាំងមជ្ឈិមបូព៌ា ដើម្បីជាការសងសឹកចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិក ដែលបន្តដាក់សម្ពាធទាំងផ្អែកយោធា និងសេដ្ឋកិច្ចមកលើប្រទេសរបស់ខ្លួន។

គួរជម្រាបជូនថា កាលពីសប្តាហ៍មុន តម្លៃប្រេងឆៅ Brent បានកើនឡើងដល់ ៨% ខណៈពេលដែលតម្លៃប្រេង WTI បានកើនឡើងជិត ១០% បន្ទាប់ពីប្រទេសទាំងពីរបានបន្តបើកការវាយប្រហារគ្នា។ ការប្រយុទ្ធគ្នានេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ប្រេងសកល ដែលបង្ខំឱ្យប្រទេសនានាទាញយកអត្ថប្រយោជន៍ពីទុនបម្រុងរបស់ពួកគេដើម្បីជៀសវាងការខ្វះខាត៕​