សៀមិន៖ នារសៀលថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូសមាគម អមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញចូលរួម សន្និសីទអនាគតនៃការវិនិយោគ ឆ្នាំ២០២៦ (Future Investment Conference 2026) ក្រោមប្រធានបទ «ការវិនិយោគសកលសម្រាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរ» នៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាគន្លឹះ ដោយបង្ហាញទស្សនទានយុទ្ធសាស្ត្រអំពីការប្រែប្រួលនៃបរិបទវិនិយោគសកល និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ឯកឧត្តមបានគូសបញ្ជាក់ថា ចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់កម្ពុជា ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានពង្រីកយ៉ាងទូលំទូលាយលើវិស័យសក្តានុពលជាច្រើន រួមមានឧស្សាហកម្មកែច្នៃ កសិកម្ម ថាមពល ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីសារៈសំខាន់នៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា–ចិន (CCFTA) និង កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក្នុងការបើកច្រកទីផ្សារកាន់តែទូលំទូលាយ សម្រួលពាណិជ្ជកម្ម និងពង្រឹងភាពរឹងមាំនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ព្រមទាំងបង្កើតឱកាសកាន់តែច្រើនសម្រាប់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ។
ក្នុងក្របខ័ណ្ឌនៃសន្និសីទ គណៈប្រតិភូកម្ពុជាបានអញ្ជើញទស្សនា និងសិក្សាស្វែងយល់ពីបច្ចេកវិទ្យា និងផលិតផលទំនើបដែលបានដាក់តាំងបង្ហាញ រួមមាន បញ្ញាសិប្បនិម្មិត (AI) យានយន្តបើកបរស្វ័យប្រវត្តិ (Autonomous Driving) រ៉ូបូតឆ្លាតវៃ (Intelligent Robots) បច្ចេកវិទ្យាឌីជីថល ថាមពលបៃតង និងដំណោះស្រាយអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងសេវាកម្មហិរញ្ញវត្ថុ មូលនិធិ និងស្ថាប័នហិរញ្ញវត្ថុដែលមានតួនាទីគាំទ្រដល់ការតភ្ជាប់វិនិយោគិន និងលំហូរទុន។
ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងសន្និសីទនេះ បានបង្កើតឱកាសសម្រាប់ការពង្រីកបណ្តាញទំនាក់ទំនងជាមួយវិនិយោគិន និងសហគ្រាសអន្តរជាតិ ជាពិសេសសហគ្រាសចិនដែលមានសក្តានុពលក្នុងការពង្រីកអាជីវកម្ម និងការវិនិយោគមកកម្ពុជា ព្រមទាំងអាចចូលរួមក្នុងការភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតភាពជាដៃគូអាជីវកម្មថ្មីៗ។
ជាមួយគ្នានេះ វត្តមានរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងវេទិកាវិនិយោគអន្តរជាតិនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សមាគម ក្នុងការពង្រឹងការតភ្ជាប់វិស័យឯកជនកម្ពុជា ជាមួយដៃគូអន្តរជាតិ ស្វែងរកកាលានុវត្តភាពវិនិយោគ និងពង្រីកឱកាសធុរកិច្ចជូនសមាជិក ស្របតាមទិសដៅរបស់សមាគមក្នុងការរួមចំណែកជំរុញការវិនិយោគ និងការអភិវឌ្ឍវិស័យឯកជនកម្ពុជា។










