Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google នឹងវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ ១៣ពាន់លានអឺរ៉ូ (ប្រមាណ ១៥,១ពាន់លានដុល្លារ) លើហេដ្ឋារចនាសម្ព័ន្ធ AI នៅក្នុងប្រទេសហ្វាំងឡង់ ក្នុងរយៈពេលពីរឆ្នាំខាងមុខ ដែលនេះជាការវិនិយោគដ៏ធំបំផុតរបស់ខ្លួននៅអឺរ៉ុប រួមទាំងកិច្ចព្រមព្រៀងធំមួយសម្រាប់ការផ្គត់ផ្គង់ថាមពលនុយក្លេអ៊ែរផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិកមួយនេះ បាននិយាយកាលពីថ្ងៃ១០ ខែកញ្ញាថា ការបង្កើតហេដ្ឋារចនាសម្ព័ន្ធ AI នេះ នឹងរួមបញ្ចូលទាំងការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ (Data Centers) ថ្មីៗចំនួនបី នៅភាគខាងជើងនៃប្រទេសហ្វាំងឡង់ ដែលជាទីកន្លែងមានសីតុណ្ហភាពអាចធ្លាក់ចុះទាបជាង -១០ អង្សាសេ នាដូវរងា។
នៅឆ្នាំនេះ Alphabet បានបង្កើនការវិនិយោគសកលរបស់ខ្លួនចន្លោះពី ១៩៥ពាន់លាន ទៅ ២០៥ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃការគណនាផ្នែក AI (AI Computing Demand)។
មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនៅហ្វាំងឡង់នេះ ក៏រួមបញ្ចូលផងដែរនូវកិច្ចព្រមព្រៀងទិញថាមពលរយៈពេល ២២ឆ្នាំ រហូតដល់ ៥០% នៃទិន្នផលថាមពលក្នុងរោងចក្រនុយក្លេអ៊ែរមួយក្នុងចំណោមរោងចក្រនុយក្លេអ៊ែរទាំងពីររបស់ប្រទេសនេះ៕

