គណៈប្រតិភូកម្ពុជា បានជួបពិភាក្សាជាមួយ គណៈគ្រប់គ្រងក្រុមហ៊ុនធំចំនួន ៣ ដើម្បីគោះទ្វារ ទាក់ទាញនិងជំរុញវិនិយោគពីប្រទេសចិនមកកាន់កម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។ជំនួបនេះ បានធ្វើឡើងកាលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសនៃការបំពេញបេសកកម្មគោះទ្វារ ទាក់ទាញនិងជំរុញវិនិយោគនៅលើទឹកដីនៃទីក្រុងស៊ិនជិន ខេត្តក្វាងទុង ប្រទេសចិន ក្រោមការដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។

ក្រុមហ៊ុនធំៗចំនួន៣ រួមមាន៖១. ជំនួបជាមួយក្រុមហ៊ុន Hong Kong Causeway Bay Group។ ដោយជួបពិភាក្សាពីសក្តានុពលនៃការអភិវឌ្ឍតំបន់ពាណិជ្ជកម្មជុំវិញបណ្តាញហេដ្ឋារច នាសម្ព័ន្ធដឹកជញ្ជូន និងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាលើលទ្ធភាពនៃការទាក់ទាញគម្រោងវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិមកកាន់កម្ពុជា។

២. ជំនួបជាមួយក្រុមហ៊ុន Shenzhen Zhouming Technology Co., Ltd. (Unilumin Group) ដែលជាក្រុមហ៊ុនឈានមុខគេមួយលើផ្នែកស្រាវជ្រាវ ផលិត និងផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យាអេក្រង់ LED និងប្រព័ន្ធភ្លើងបំភ្លឺឆ្លាតវៃ។ ជំនួបនេះបានផ្តោតលើការពិនិត្យលទ្ធភាពក្នុងការបង្កើតរោងចក្រដំឡើងឧបករណ៍អគ្គិសនី និងបច្ចេកវិទ្យា LED នៅកម្ពុជា ដើម្បីបម្រើឱ្យតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ បន្ថែមពីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីផលប្រយោជន៍ការប្រើប្រាស់បច្ចេកវិទ្យា LED ឆ្លាតវៃ សម្រាប់អនុវត្តក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា ការបំភ្លឺផ្លូវសាធារណៈ ព្រមទាំងការបំពាក់អេក្រង់ LED ភ្ជាប់ដោយបច្ចេកវិទ្យាឌីជីថល នៅតាមពហុកីឡដ្ឋាន និងអាកាសយានដ្ឋានអន្តរជាតិនានា ជាដើម។
និង៣. ជំនួបជាមួយក្រុមហ៊ុន Hubei Wanrun New Energy Technology Co., Ltd. ដោយបានពិភាក្សាពីយុទ្ធសាស្ត្រក្នុងការរុញច្រានកម្ពុជា ឱ្យឈានជើងចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មរថយន្តអគ្គិសនី (EV Supply Chain) និងលទ្ធភាពនៃការទាក់ទាញរោងចក្រផលិតធាតុផ្សំអាគុយ មកបង្កើតមូលដ្ឋានផលិតនៅកម្ពុជា ដើម្បីបង្កើនកម្រិតផលិតកម្មក្នុងស្រុក។
សូមជម្រាប់ដែរថា តាមរយៈជំនួបនោះ ប្រតិភូក្រុមហ៊ុនទាំង៣ ក៏បានស្វែងយល់ពីគោលនយោបាយបើកចំហ ស្ថិរភាពនយោបាយ និងកិច្ចសម្រួលវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយកិច្ចពិភាក្សានេះឱ្យទៅជាគម្រោងវិនិយោគជាក់ស្តែងនាពេលឆាប់ៗខាងមុខផងដែរ៕ អត្ថបទ៖ហ្សាលីន




