កម្ពុជា គឺជាប្រទេសទីមួយ នៅក្រៅប្រទេសចិន ដែលទទួលបានសិទ្ធិនាំយកនូវបច្ចេកវិទ្យាស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតនេះមកអនុវត្ត និងដំឡើងជាផ្លូវការ។ នេះបើយោងតាមដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរាជរដ្ឋាភិបាល និងតំណាងវិស័យឯកជនកម្ពុជា នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន BYD ដើម្បីស្វែងយល់ពីភាពរីកចម្រើននៃបច្ចេកវិទ្យាចុងក្រោយថ្មីៗ កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសនៃការបន្តបេសកកម្មគោះទ្វារ ទាក់ទាញនិងជំរុញវិនិយោគនៅលើទឹកដីនៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល រួមជាមួយតំណាងវិស័យឯកជនកម្ពុជា ចុះបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន BYD ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ភីងសាន ក្រុងស៊ិនជិន ខេត្តក្វាងទុង។ ដំណើរទស្សនកិច្ចនេះត្រូវបានទទួលបដិសណ្ឋារកិច្ច ដោយកាយវិការស្វាគមន៍យ៉ាងរាក់ទាក់ និងស្និទ្ធស្នាលបំផុតពីសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនដឹកនាំដោយ លោក Wang Chuanfu ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន BYD Co., Ltd.។

ទស្សនកិច្ចនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពី ភាពរីកចម្រើននៃបច្ចេកវិទ្យាយានយន្តអគ្គិសនី (EV) និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដ៏ទំនើបរបស់ក្រុមហ៊ុន BYD ជាពិសេសបច្ចេកវិទ្យានៃស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតរបស់ BYD (Flash Charging Flagship Station) ដែលជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយរយៈពេលបញ្ចូលថាមពល និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែង ដែលល្បឿននៃការបញ្ចូលថាមពល ប្រើប្រាស់រយៈពេលត្រឹមតែប្រមាណ ១០នាទីប៉ុណ្ណោះ។

តាមរយៈដំណើរទស្សនកិច្ចនោះ បានឱ្យដឹងថា ជាមោទនភាព កម្ពុជា គឺជាប្រទេសទីមួយ នៅក្រៅប្រទេសចិន ដែលទទួលបានសិទ្ធិនាំយកនូវបច្ចេកវិទ្យាស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតនេះមកអនុវត្ត និងដំឡើងជាផ្លូវការ។ បច្ចុប្បន្ននេះ ដំណើរការរៀបចំនិងដំឡើងស្ថានីយ Flash Charging ទាំងនេះ កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មនៅក្នុងប៉ូលសេដ្ឋកិច្ច និងទេសចរណ៍សំខាន់ៗចំនួន៣ របស់កម្ពុជា រួមមាន (១)រាជធានីភ្នំពេញ, (២)ខេត្តព្រះសីហនុ, និង (៣)ខេត្តសៀមរាប ហើយរំពឹងថាត្រឹមបំណាច់ឆ្នាំ២០២៦ ស្ថានីយចំនួន១៨ទីតាំង នឹងបើកឱ្យដំណើរការផ្តល់នូវសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតនេះ៕ អត្ថបទ៖ហ្សាលីន

