អ្នកឧកញ៉ា គិត ម៉េង ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ផ្តោតពិសេសលើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ស្យាហារ៉ូឌីន អ៊ន (Shaharuddin Onn) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមបណ្ឌិត ស្យាហារ៉ូឌីន អ៊ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ព្រមទាំងបានរំលេចអំពីកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី (Cambodia-Malaysia Joint Committee Bilateral Cooperation) នាពេលថ្មីៗនេះ ដែលបានផ្តោតជាសំខាន់លើវិស័យគន្លឹះនានា ជាពិសេសពាណិជ្ជកម្ម និងការវិនិយោគ។

ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍យ៉ាងកក់ក្តៅ និង ថ្លែងអំណរគុណចំពោះស្មារតីសហប្រតិបត្តិការ និងចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ អ្នកឧកញ៉ា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី ក្រោមការដឹកនាំរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រី ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានខិតខំប្រឹងប្រែងសម្របសម្រួលបញ្ចប់ជម្លោះកម្ពុជា-ថៃ រហូតឈានដល់ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ» កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា បានរំលឹកពីទំនាក់ទំនងការទូតជិត ៧ ទសវត្សរ៍ (១៩៥៧–២០២៧)រវាងប្រទេសទាំងពីរ ព្រមទាំងការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ដែលបានបើកផ្លូវយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការធុរកិច្ចទ្វេភាគី។

លើសពីនេះ អ្នកឧកញ៉ា ក៏បានបញ្ជាក់ថា កំណើនដ៏គួរឲ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា ម៉ាឡេស៊ី ដែលមានទំហំលើសពី ១ ពាន់លានដុល្លារកាលពីឆ្នាំ ២០២៥ កន្លងទៅ។ អ្នកឧកញ៉ាប្រធានបានគូសបញ្ជាក់ថា កម្ពុជាមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងបរិយាកាសវិនិយោគអំណោយផល ដែលទាក់ទាញវិនិយោគិនបរទេសពីគ្រប់ទិសទី។ សមិទ្ធផលទាំងនេះកើតចេញពីមូលដ្ឋានគ្រឹះសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា ក៏បានលើកទឹកចិត្តដល់សហគមន៍ធុរកិច្ចម៉ាឡេស៊ី ឱ្យចាប់យកកាលានុវត្តភាពវិនិយោគលើ​វិស័យ​សក្តានុពលនានា។ បន្ថែមពីលើនេះ អ្នកឧកញ៉ា ក៏បានជម្រាបជូនឯកឧត្តមអគ្គរដ្ឋទូត អំពីការចុះអនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាការបញ្ជូនសារយ៉ាងសំខាន់ទៅកាន់សហគមន៍ធុរកិច្ចអន្តរជាតិ ពាក់ព័ន្ធនឹងតម្លាភាពរបស់វិស័យឯកជន និងបរិយាកាសវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា។

ជាចុងបញ្ចប់ ភាគីទាំងពីរ បានបង្ហាញនូវការប្តេជ្ញាចិត្ត និងជំនឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជន ព្រមទាំងទស្សនវិស័យនៃវិបុលភាពរួម នឹងបន្តជាគ្រឹះដ៏រឹងមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ឱ្យឈានឡើងដល់កម្រិត និងដំណាក់កាលថ្មីមួយទៀត៕