មេធំក្រុមហ៊ុនសូហ្វវែរខ្នាតយក្ស Oracle ប្រកាសលុបចោលផែនការលក់ភាគហ៊ុនតម្លៃ ៧,៥ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនសូហ្វវែរ (Software) កំពូលរបស់សហរដ្ឋអាមេរិក Oracle បានប្រកាសថា ប្រធានក្រុមប្រឹក្សាភិបាល គឺលោក Larry Ellison បានសម្រេចលុបចោលផែនការរបស់លោក ក្នុងការលក់ភាគហ៊ុនរបស់ក្រុមហ៊ុនចំនួន ៥០ លានហ៊ុន បន្ទាប់ពីមានការរៀបចំផែនការនេះអស់រយៈពេល ៣ខែកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Oracle បានប្រកាសកាលពីថ្ងៃទី១២ ខែកញ្ញាថា សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន លោក Larry Ellison បានលុបចោលផែនការលក់ភាគហ៊ុន Oracle រហូតដល់ ៥០ លានហ៊ុន ដែលមានតម្លៃប្រហែល ៧,៥ពាន់លានដុល្លារ។ សេចក្តីប្រកាសដដែលនេះ បានបញ្ជាក់ទៀតថាមិនមានភាគហ៊ុន Oracle ណាមួយត្រូវបានលក់ឡើយ ហើយលោកក៏គ្មានផែនការផ្សេងទៀតក្នុងការផ្ទេរភាគហ៊ុនរបស់លោកចេញនោះដែរ។

គួរឲ្យដឹងថា កាលពីថ្ងៃមុន នៅក្នុងឯកសារដាក់ជូនអាជ្ញាធរគ្រប់គ្រង ក្រុមហ៊ុន Oracle បានថ្លែងថា លោក Ellison បានរៀបចំផែនការលក់ភាគហ៊ុនរបស់ខ្លួន កាលពីថ្ងៃទី២២ ខែមិថុនា ដោយផែនការលក់នេះនឹងផុតកំណត់នៅថ្ងៃទី២៤ ខែតុលា។ ក្រុមហ៊ុន Oracle មិនបានផ្តល់ហេតុផលសម្រាប់ការលុបចោលផែនការនេះរបស់លោក Ellison នៅឡើយនោះទេ។

នៅឆ្នាំនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Oracle បានជួបប្រទះនូវសម្ពាធយ៉ាងខ្លាំង ដោយសារវិនិយោគិនកាន់តែមានការព្រួយបារម្ភអំពីការកើនឡើងយ៉ាងគំហុកនៃចំណាយដើមទុន ដែលកំពុងដាក់សម្ពាធលើលំហូរពាណិជ្ជកម្មសាច់ប្រាក់ងាយស្រួល (Free cash flow) របស់ក្រុមហ៊ុន។ ភាគហ៊ុននេះបានធ្លាក់ចុះជិត ២៣% ចាប់តាំងពីដើមឆ្នាំមក ហើយបច្ចុប្បន្នមានតម្លៃទាបជាង ១៨% បើធៀបនឹងតម្លៃបិទទីផ្សារកាលពីថ្ងៃទី១៨ ខែមិថុនា។

ជម្រាបជូនថា លោក Ellison ធ្លាប់បម្រើការជានាយកប្រតិបក្រុមហ៊ុន Oracle រហូតដល់ឆ្នាំ២០១៤ ហើយបច្ចុប្បន្នលោនៅតែជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុន ដោយកាន់កាប់ភាគហ៊ុនសរុបចំនួន ៣៨%។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន LSEG៕