មហាសេដ្ឋី Sam Altman ថា OpenAI នឹងមិនបោះផ្សាយលក់ IPO នៅក្នុងឆ្នាំនេះឡើយ

អន្តរជាតិ

លោក Sam Altman នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OpenAI បាននិយាយថាក្រុមហ៊ុនរបស់លោក នឹងមិនធ្វើការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) នៅក្នុងឆ្នាំ២០២៦ នេះទេ ដោយសារតែក្តីបារម្ភអំពីសុវត្ថិភាពជុំវិញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Altman បាននិយាយនៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Fortune ថា៖”ដោយផ្អែកលើបញ្ហាប្រឈមនៃសុវត្ថិភាពនាពេលបច្ចុប្បន្ន ខ្ញុំគិតថានេះមិនមែនជាពេលវេលាសមស្របសម្រាប់ការបោះផ្សាយលក់ IPO នោះទេ ហើយយើងក៏មិនស្ថិតក្រោមសម្ពាធណាមួយដែលត្រូវតែធ្វើវានោះដែរ”។

យ៉ាងណាមិញ ជុំវិញការប្រកាសនេះបានធ្វើឡើង ចំពេលសមាជិកសភាអាមេរិកកាន់តែច្រើនឡើងកំពុងអំពាវនាវឱ្យមានការបង្កើតបទប្បញ្ញត្តិថ្មីដើម្បីគ្រប់គ្រងប្រព័ន្ធ AI បន្ទាប់ពីមានការព្រមានពីអ្នកស្រាវជ្រាវពីររូបនៅក្រុមហ៊ុន Anthropic ដែលជាគូប្រជែងរបស់ OpenAI។ អ្នកស្រាវជ្រាវទាំងពីររូបនោះ បានអះអាងថា AI កំពុងអភិវឌ្ឍយ៉ាងលឿន និងអាចគំរាមកំហែងដល់អត្ថិភាពរបស់មនុស្សជាតិនាពេលអនាគតដ៏ខ្លីខាងមុខ។

នៅក្នុងកិច្ចសម្ភាសជាមួយ Fortune នោះ លោក Altman បានបញ្ជាក់ទៀតថា ក្រុមហ៊ុន OpenAI ពិតជានឹងមិនបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈនៅក្នុងឆ្នាំនេះឡើយ។ ក្រុមហ៊ុនមានការងារជាច្រើនផ្សេងទៀតដែលត្រូវធ្វើ ដូចជាការបំពេញតម្រូវការផ្នែកសុវត្ថិភាព និងភាពសមស្របនៃ AI ព្រមទាំងការស្វែងរកវិធីដែលឧស្សាហកម្មនេះ និងរដ្ឋាភិបាលអាចធ្វើការរួមគ្នាបាន។

លើសពីនេះ លោក Altman ក៏បានបង្ហើបផងដែរថា OpenAI និងក្រុមហ៊ុន AI ឈានមុខផ្សេងទៀត អាចនឹងប្រកាសពីកិច្ចព្រមព្រៀងនាពេលឆាប់ៗនេះ ដើម្បីពន្យឺតល្បឿននៃការអភិវឌ្ឍ AI និងរួមគ្នាកាត់បន្ថយហានិភ័យផ្នែកសន្តិសុខ៕​