ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រឡេស្តេ បានចុះអនុស្សរណៈយោគយល់ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើប្រព័ន្ធទូទាត់ឌីជីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ។

អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយ លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Helder Lopes ទេសាភិបាល ធនាគារកណ្តាលទីម័រឡេស្តេ នៅក្នុងពិធីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់រហ័ស របស់ធនាគារកណ្តាលទីម័រឡេស្តេ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក José Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ និងលោក Kay Rala Xanana Gusmão នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ។
គោលបំណងនៃអនុស្សរណៈយោគយល់នេះគឺដើម្បីបង្កើតក្របខណ្ឌបន្ថែមទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការទូទាត់ឌីជីថល នវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ និងការពង្រឹងការតភ្ជាប់ផ្នែកហិរញ្ញវត្ថុ។
តាមរយៈក្របខណ្ឌនេះ ភាគីទាំងពីរនឹងផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទពិសោធ ព្រមទាំងសហការលើការស្រាវជ្រាវ ក៏ដូចជាការបណ្តុះបណ្តាលនានា។ កិច្ចសហប្រតិបត្តិការនេះក៏មានគោលបំណងលើកកម្ពស់ការទូទាត់ជារូបិយវត្ថុក្នុងស្រុក ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរផងដែរ។




