សមាគមឧកញ៉ាកម្ពុជា អមដំណើរគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញទស្សនកិច្ចក្រុមហ៊ុន BYD ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាយានយន្តអគ្គិសនី និងពង្រឹងកាលានុវត្តភាពវិនិយោគនៅកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

ដុងហ្គ័ន៖ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសនៃការបន្តបេសកកម្មគោះទ្វារ ដើម្បីទាក់ទាញ និងជំរុញការវិនិយោគនៅលើទឹកដីខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគម អមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន BYD ស្ថិតក្នុងតំបន់ភីងសាន ក្រុងស៊ិនជិន ខេត្តក្វាងទុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ដឹកនាំដោយ លោក Wang Chuanfu ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន BYD Co., Ltd.។ ទស្សនកិច្ចនេះមានគោលបំណងសិក្សា និងឈ្វេងយល់អំពីភាពរីកចម្រើននៃបច្ចេកវិទ្យាយានយន្តអគ្គិសនី (EV) ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងដំណោះស្រាយបច្ចេកវិទ្យាទំនើបរបស់ BYD ព្រមទាំងស្វែងរកកាលានុវត្តភាពសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា និងការវិនិយោគរវាងកម្ពុជា និងក្រុមហ៊ុនឈានមុខក្នុងវិស័យយានយន្តអគ្គិសនី។

ក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូបានសិក្សាអំពីបច្ចេកវិទ្យាស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតរបស់ BYD (Flash Charging Flagship Station) ដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយពេលវេលាបញ្ចូលថាមពល និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់យានយន្តអគ្គិសនីក្នុងជីវភាពប្រចាំថ្ងៃ។ តាមព័ត៌មានដែលបានបង្ហាញក្នុងដំណើរទស្សនកិច្ច បច្ចេកវិទ្យានេះអាចបញ្ចូលថាមពលក្នុងរយៈពេលប្រមាណ ១០នាទី។

ជាមួយគ្នានេះ ត្រូវបានបញ្ជាក់ថា កម្ពុជាជាប្រទេសដំបូងនៅក្រៅប្រទេសចិន ដែលទទួលបានសិទ្ធិនាំយកបច្ចេកវិទ្យាស្ថានីយបញ្ចូលថាមពលលឿននេះមកអនុវត្ត និងដំឡើងជាផ្លូវការ។ បច្ចុប្បន្ន ការរៀបចំ និងដំឡើងស្ថានីយ Flash Charging កំពុងប្រព្រឹត្តទៅនៅប៉ូលសេដ្ឋកិច្ច និងទេសចរណ៍សំខាន់ៗចំនួន៣ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយរំពឹងថា ត្រឹមចុងឆ្នាំ២០២៦ ស្ថានីយចំនួន១៨ទីតាំង នឹងបើកដំណើរការផ្តល់សេវាបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿន។

បន្ទាប់មក គណៈប្រតិភូកម្ពុជា បានអញ្ជើញទស្សនាមជ្ឈមណ្ឌលតាំងបង្ហាញរបស់ក្រុមហ៊ុន ដើម្បីសិក្សាអំពីសាវតា សមិទ្ធផល និងបច្ចេកវិទ្យាសំខាន់ៗដែល BYD បានអភិវឌ្ឍតាមរយៈការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ក្នុងនោះ គណៈប្រតិភូបានទស្សនាការធ្វើតេស្តបច្ចេកវិទ្យាបញ្ចូលថាមពលក្នុងលក្ខខណ្ឌត្រជាក់ខ្លាំង (Extreme Cold Charging) និងការធ្វើតេស្តសុវត្ថិភាពអាគុយដោយការចាក់ទម្លុះដោយដែកគោល (Nail Penetration Test) ដែលបង្ហាញពីការយកចិត្តទុកដាក់លើសមត្ថភាពប្រតិបត្តិការ ភាពធន់ និងសុវត្ថិភាពនៃប្រព័ន្ធអាគុយយានយន្តអគ្គិសនី។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្លាស់ប្តូរទស្សនទានយ៉ាងស៊ីជម្រៅជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន BYD និងបានអញ្ជើញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាអំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។ ជាពិសេស ឈានទៅពង្រីកសមត្ថភាពផលិតកម្មរបស់រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងពិចារណាលើការវិនិយោគបន្ថែមក្នុងបណ្តាញស្ថានីយបញ្ចូលថាមពលអគ្គិសនីល្បឿនលឿន និងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងស្រុក។

ការអមដំណើររបស់សមាគមឧកញ៉ាកម្ពុជា ក្នុងដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជនក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគិន និងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមកកាន់កម្ពុជា។ ជាមួយគ្នានេះ សមាគមបានចូលរួមសិក្សាអំពីនវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗ ដែលអាចជាមូលដ្ឋានសម្រាប់ពង្រឹងការតភ្ជាប់ធុរកិច្ច និងស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់សមាជិក និងវិស័យឯកជនកម្ពុជា។

ដំណើរទស្សនកិច្ចនេះ ក៏ជាជំហានសំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងការវិនិយោគរវាងកម្ពុជា និងក្រុមហ៊ុន BYD ជាពិសេសក្នុងវិស័យយានយន្តអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពល និងបច្ចេកវិទ្យាថាមពលស្អាត។ តាមរយៈកិច្ចសហប្រតិបត្តិការបែបនេះ នឹងអាចបង្កើតមូលដ្ឋានបន្ថែមសម្រាប់ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក។

សមាគមឧកញ៉ាកម្ពុជា នឹងបន្តគាំទ្រយ៉ាងសកម្មដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញការវិនិយោគដែលមានគុណភាព ជំរុញការធ្វើបរិវត្តកម្មបៃតង និងពង្រឹងការតភ្ជាប់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅកម្ពុជា ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការពារបរិស្ថានសម្រាប់អនាគត។