ឧកញ៉ា ៣រូប ចូលរួមពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់អង្ករកម្ពុជារវាងក្រុមហ៊ុន City Rice Import Export Co., Ltd. និងក្រុមហ៊ុន DILAI Trading Co. Pte. Ltd. សម្រាប់នាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រសួងពាណិជ្ជកម្ម ឧកញ៉ា គឺម សាវុធ ប្រធានក្រុមប្រឹក្សភិបាលគោលនយោបាយសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចា​ន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់អង្ករកម្ពុជារវាងក្រុមហ៊ុន City Rice Import Export Co., Ltd. និងក្រុមហ៊ុន DILAI Trading Co. Pte. Ltd. សម្រាប់នាំចេញអង្ករទៅកាន់សាធារណរដ្ឋហ្វីលីពីន ដែលកម្មវិធីនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោកស្រី Genina Marion Rafal លេខាទី៣ នៃស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា សមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

ក្នុងឱកាសនោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងពីរ ឱ្យបន្តអនុវត្តកិច្ចសន្យាឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ ការទទួលខុសត្រូវ តម្លាភាព និងភាពស្មោះត្រង់ ព្រមទាំងធានាឱ្យបាននូវការទូទាត់ត្រឹមត្រូវ ការដឹកជញ្ជូនទាន់ពេលវេលា គុណភាព និងស្ថិរភាពនៃការផ្គត់ផ្គង់។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានជំរុញឱ្យតួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃស្រូវអង្ករ ក៏ដូចជាសហព័ន្ធស្រូវអង្ករកម្ពុជា បន្តពង្រឹងគុណភាព និងសុវត្ថិភាពផលិតផល និងចូលរួមអនុវត្តឱ្យបានពេញលេញនូវ «យុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» ដើម្បីបង្កើនភាពប្រកួតប្រជែង និងពង្រីកចំណែកទីផ្សារអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។