ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បោះទុនវិនិយោគលើគម្រោងធំៗចំនួនពីរ នៅស្រុកបុទុមសាគរ ខេត្តកោះកុង

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង បានបោះទុនវិនិយោគលើគម្រោងធំៗ​ចំនួនពីរ នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ហើយត្រូវបានរំពឹងថា នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំង​រួមចំណែកទាក់ទាញការវិនិយោគបន្ថែមមកកាន់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងវិនិយោគសំខាន់ទាំងពីរនេះ រួមមាន គម្រោងសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវ អានុភាព ៩០០មេហ្គាវ៉ាត់ និងគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម និងការវិនិយោគនាពេលអនាគត ខណៈរោងចក្រអគ្គិសនីតម្លៃជាង ១ពាន់លានដុល្លារនេះគឺ ជាគម្រោងថាមពល​ដ៏សំខាន់របស់កម្ពុជា ស្ថិតនៅក្នុងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង គឺជាគម្រោងថាមពលខ្នាតធំមួយ ដែលមានសារៈសំខាន់ចំពោះការអភិវឌ្ឍអគ្គិសនីស្អាតរបស់ប្រទេសកម្ពុជា។

គម្រោងនេះបានចាប់ផ្តើមការដ្ឋានសាងសង់តាំងពីចុងឆ្នាំ២០២៤ ដោយមានផែនការដាក់ឱ្យដំណើរការផលិត និងផ្គត់ផ្គង់ថាមពលជាដំណាក់កាល ចាប់ពីចុងឆ្នាំ២០២៦ និងបន្តទៅឆ្នាំ២០២៧។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) កាលពីពេលថ្មីៗនេះ បានអញ្ជើញចុះ​ទស្សនកិច្ច​នៅទីតាំងគម្រោងរោងចក្រអគ្គិសនីរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្នុងគោលបំណងស្វែងយល់ពីវឌ្ឍនភាព និងល្បឿននៃការអនុវត្តគម្រោងនេះ។

តាមផែនការដែលបានលើកឡើង រោងចក្រនេះនឹងមានសមត្ថភាពផលិតអគ្គិសនីរហូតដល់ ៩០០មេហ្គាវ៉ាត់ ដែលអាចរួមចំណែកបង្កើនសមត្ថភាពផ្គត់ផ្គង់ថាមពលក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើការនាំចូល​អគ្គិសនី​ពីបរទេស និងគាំទ្រដល់តម្រូវការប្រើប្រាស់ថាមពលដែលកំពុងកើនឡើង។ ជាពិសេស ការមានប្រភពផលិត​អគ្គិសនី​ដែល​អាចដំណើរការបានជាប្រចាំ នឹងជួយបំពេញបន្ថែមដល់ប្រភពថាមពលផ្សេងៗ រួមទាំងវារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ ដើម្បីពង្រឹងស្ថិរភាពនៃប្រព័ន្ធអគ្គិសនីជាតិ។

ក្រៅពីការអភិវឌ្ឍវិស័យថាមពល ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏មានគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសមួយ នៅក្នុងតំបន់ប្រើប្រាស់ប្រកបដោយចីរភាពនៃឧទ្យានជាតិបុទុមសាគរ។ គម្រោងនេះមានគោលបំណងបង្កើត​មូលដ្ឋានសម្រាប់ទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ឱ្យចូលមកបណ្តាក់ទុនលើវិស័យឧស្សាហកម្ម ផលិតកម្ម និងសេវាកម្មពាក់ព័ន្ធ។

សូមជម្រាបថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រួមផ្សំជាមួយប្រភពថាមពលអគ្គិសនីខ្នាតធំ អាចជួយបង្កើនភាព​ទាក់ទាញរបស់ខេត្តកោះកុង ក្នុងនាមជាទីតាំងវិនិយោគដ៏មានសក្តានុពលមួយនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បី​បង្កើត​ឱកាសការងារសម្រាប់ពលរដ្ឋ និងយុវជនក្នុងមូលដ្ឋាន។