អ្នកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា បានចំណាយថវិកាសរុបប្រមាណ ៦,៥០០ដុល្លារអាមេរិក ដើម្បីជួយទិញតុសម្រាប់សិស្សអង្គុយសិក្សា និងជួយកសាងខ្លោងទ្វារសាលាបឋមសិក្សាភ្នំធំថ្មី ស្ថិតនៅឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ថ្នាក់ដឹកនាំសាលាបឋមសិក្សាភ្នំធំថ្មី កាលដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ចេញសារថ្លែងអំណរគុណដល់ អ្នកឧកញ៉ា ហេង បូរិន ថាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៃសាលាបឋមសិក្សាភ្នំធំថ្មី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ហេង បូរិន និងលោកជំទាវ លី ហ្គិកឆេង ដែលបានយកចិត្តទុកដាក់និងគាំពារដល់សាលាបឋមសិក្សាភ្នំធំថ្មីជារឿយៗ តួយ៉ាងឆ្នាំសិក្សា ២០២២-២០២៣ អ្នកឧកញ៉ា និងលោកជំទាវ បានចំណាយថវិកាចំនួន ៦១០០ដុល្លារ កសាងខ្លោងទ្វារសាលា ហើយថ្មីៗនេះក្នុងឆ្នាំសិក្សា២០២៤-២០២៥ អ្នកឧកញ៉ានិងលោកជំទាវ មើលឃើញសិស្សគ្មានតុអង្គុយរៀនសមរម្យ ក៏បានធ្វើអំណោយតុចំនួន១០ អស់ថវិកា៤០០ដុល្លារបន្ថែមទៀត។
ប្រភពខាងលើ បានបន្ថែមបែបនេះទៀតថា៖ “អ្នកឧកញ៉ា និងលោកជំទាវ ជាជនសប្បុរសមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅមកលើមូលដ្ឋានដែលអ្នកឧកញ៉ានិងលោកជំទាវ បានប្រាស្រ័យទាក់ទងកន្លងមក។ ទង្វើទាំងអស់នេះធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចនូវទង្វើដ៏ល្អនិងគុណបំណាច់របស់ អ្នកឧកញ៉ានិងលោកជំទាវបានឡើយ។ យើងខ្ញុំទាំងអស់គ្នាគ្មានអ្វីតបស្នងគុណបំណាច់ អ្នកឧកញ៉ានិងលោជំទាវបានទេ មានតែម្រាម១០ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយថែរក្សាឃុំគ្រងអ្នកឧកញ៉ា លោកជំទាវព្រមទាំងបុត្រាបុត្រីឱ្យជួបប្រសព្វនឹងសេចក្តីសុខចម្រើនគ្រប់យ៉ាងកុំបីអាក់ខានឡើយ”។
សូមជម្រាបថា អ្នកឧកញ៉ា ហេង បូរិន មានស្រុកកំណើតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាប្រធានក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ និងតំណាងភាគហ៊ុនិកនៃក្រុមហ៊ុន ដែលវិនិយោគលើវិស័យហិរញ្ញវត្ថុនិងធនាគារ បច្ចេកវិទ្យា អចលនទ្រព្យ អភិវឌ្ឃន៍លំនៅដ្ឋាន និងដឹកជញ្ជូន។ បច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកឧកញ៉ា បានផ្ដល់ការងារជាច្រើន ដែលជាការរួមចំណែកបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងសង្គម។ អ្នកឧកញ៉ា គឺជាធុរជនពោរពេញដោយបទពិសោធ និងវិជ្ជាជីវៈខ្ពស់ ដែលបានប្រឡូកក្នុងវិស័យខាងលើអស់រយៈពេលជាច្រើនឆ្នាំ។ លើសពីនេះ អ្នកឧកញ៉ាអាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេសយ៉ាងស្ទាត់ជំនាញ និងបានបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកគ្រប់គ្រងផងដែរ៕



