ក្នុងឆ្នាំ២០២៦នេះ ខេត្តព្រះសីហនុបានទទួលនាវាយោធាបរទេសចំនួន៦លើក សរុបចំនួន៧គ្រឿង

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឆ្នាំ២០២៦នេះ ខេត្តព្រះសីហនុបានទទួលនាវាយោធាបរទេសចំនួន៦លើក សរុបចំនួន៧គ្រឿង ដែលសកម្មភាពនេះ គឺបានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងបណ្តារប្រទេសជាច្រើន ទាំងក្នុងតំបន់ និងពិភពលោក។នេះបើយោងតាមជំនួបសម្តែងការគួរសមរវាងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ជាមួយលោកវរនាវីទោ Suraj Kumar Singh មេបញ្ជាការនាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា INS KULISH P63 កាលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលស្វាគមន៍លោកមេបញ្ជាការដែលបានដឹកនាំនាវាចូលចតនៅមូលដ្ឋានសមុទ្ររាម និងបានវាយតម្លៃខ្ពស់ដល់គំនិតផ្តួចផ្តើមធ្វើការប្រកួតកីឡារួមគ្នាដើម្បីបង្កើនភាពស្និតស្នាលរវាងកងទ័ពទាំង២។

បន្ថែមពីនេះ លោកអភិបាលរងខេត្ត បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ច ភូមិសាស្ត្រ នៃខេត្តព្រះសីហនុវឌ្ឍភាព នៃការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ តំបន់សេកិដ្ឋកិច្ចពិសេស ព្រមទាំងសក្តានុពលផ្នែកវិនិយោគ និងទេសចរណ៍។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានស្នើឱ្យស្ថានទូតឥណ្ឌាពិនិត្យលទ្ធភាពជួយផ្សព្វផ្សាយអំពីទេសចរណ៍របស់ប្រទេសកម្ពុជាដែលមិនត្រឹមតែមានអរិយធម៌ស្រដៀងគ្នាទេ ហើយថែមទាំងមានកោះមានឆ្នេរដ៏ស្រស់ស្អាតផងដែរ។

សូមជម្រាបថា ក្នុងឆ្នាំ២០២៦នេះ ខេត្តព្រះសីហនុបានទទួលនាវាយោធាបរទេសចំនួន៦លើក សរុបចំនួន៧គ្រឿងមកពី៖ សហរដ្ឋអាមេរិច,​ សហព័ន្ធរុស្សី, វៀតណាម, និងចក្រភពអង់គ្លេស៕អត្ថបទ៖ ហ្សាលីន