ក្រុមហ៊ុនថាមពលរដ្ឋម៉ាឡេស៊ី Petronas បានព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ(LNG) ទៅឲ្យក្រុមហ៊ុន Metlen Energy & Metals SA ដើម្បីបន្តលក់នៅក្នុងប្រទេសក្រិក និងបណ្តាប្រទេសជិតខាតផ្សេងទៀតនៅក្នុងតំបន់នោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Rigzone។

តាមរយៈកិច្ចព្រមព្រៀងទិញលក់នេះ ក្រុមហ៊ុន PTUK (PETCO Trading UK Ltd) ដែលជាផ្នែកអាជីវកម្ម និងពាណិជ្ជកម្មរបស់ Petronas មានមូលដ្ឋាននៅទីក្រុងឡុងដ៍ នឹងប្រគល់ការដឹកជញ្ជូនឧស្ម័ន LNG តាមកប៉ាល់ចំនួន ៦ លើកក្នុងមួយឆ្នាំ ពីប្រភពអាត្លង់ទិករបស់ Petronas។ បរិមាណនេះមានចំនួនប្រមាណ ០,៦ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២៧។
មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនេះ ក៏ជួយពង្រឹងយុទ្ធសាស្ត្ររបស់ Metlen ក្នុងការធ្វើឱ្យប្រភពផ្គត់ផ្គង់ឧស្ម័ន LNG មានភាពសម្បូរបែប បង្កើនភាពបត់បែន និងជួយដល់សន្តិសុខនៃការផ្គត់ផ្គង់ថាមពលនៅប្រទេសក្រិក និងតំបន់អឺរ៉ុបអាគ្នេយ៍ ព្រមទាំងពង្រឹងតួនាទីរបស់ក្រិកជាមជ្ឈមណ្ឌលថាមពលក្នុងតំបន់ផងដែរ។
លើសពីនេះ យោងតាមសេចក្តីថ្លែងការណ៍ក្រុមហ៊ុនទាំងពីរបានបន្ថែមថាទាំង Metlen និង Petronas មានគោលបំណងរួមគ្នាក្នុងការគាំទ្រដល់ការធ្វើឱ្យប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) មានភាពសម្បូរបែបកាន់តែខ្លាំង និងពង្រឹងភាពធន់នៃថាមពល ព្រមទាំងរួមចំណែកដល់តម្រូវការថាមពលដែលកំពុងកើនឡើងរបស់ប្រទេសក្រិក និងតំបន់អឺរ៉ុបអាគ្នេយ៍ទាំងមូលផងដែរ៕

