តុលាការមួយក្នុងក្រុងសេអ៊ូលបានបង្គាប់ឲ្យប្រទេសកូរ៉េខាងជើងសងជំងឺចិត្តប្រហែល ៣២,៥លានដុល្លារអាមេរិក ទៅកាន់កូរ៉េខាងត្បូង ចំពោះការវាយកម្ទេចអាគារការិយាល័យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

អ្នកនាំពាក្យតុលាការដំបូងក្រុងសេអ៊ូលបានថ្លែងនៅថ្ងៃទី១៦ ខែកញ្ញាថា៖ “តុលាការបានសម្រេចថា កូរ៉េខាងជើងត្រូវតែសងជំងឺចិត្តដល់រដ្ឋាភិបាលកូរ៉េខាងត្បូងចំនួន ៤៤,៦ពាន់លានវ៉ុន (៣២,៥ លានដុល្លារអាមេរិក)”។
គួរឲ្យដឹងថាអាគារការិយាល័យទំនាក់ទំនងរួម Kaesong ត្រូវ បានកសាងឡើងនៅក្នុងតំបន់ឧស្សាហកម្ម Kaesong អនុលោមតាមសេចក្តីប្រកាស Panmunjom ដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងនាពេលនោះ លោក មូន ជេអ៊ីន ក្នុងជំនួបកំពូលនាខែមេសា ឆ្នាំ២០១៨។
ការិយាល័យនេះបម្រើជាស្ថានទូតរួមសម្រាប់ប្រទេសទាំងពីរ និងផ្តល់នូវបណ្តាញទំនាក់ទំនងផ្ទាល់រវាងកូរ៉េទាំងពីរ។ មន្ត្រីរាប់សិបនាក់មកពីប្រទេសទាំងពីរធ្វើការនៅក្នុងអគារនេះ ហើយមន្ត្រីកូរ៉េខាងត្បូងតែងតែទៅបំពេញទស្សនកិច្ចនៅការិយាល័យនេះជារៀងរាល់សប្តាហ៍។
ប៉ុន្តែទោះជាយ៉ាងណា នៅពេលដែលទំនាក់ទំនងរវាងភាគីទាំងពីរមានភាពរកាំរកូស បន្ទាប់ពីការជាប់គាំងក្នុងកិច្ចចរចានុយក្លេអ៊ែររវាងវ៉ាស៊ីនតោន និងព្យុងយ៉ាង ព្រមទាំងសកម្មជនកូរ៉េខាងត្បូងបានទម្លាក់ខិតប័ណ្ណឆ្លងដែនមក ខាងប្រទេសកូរ៉េខាងជើងក៏បានវាយកម្ទេចការិយាល័យនេះចោលវិញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដោយអះអាងថា ទីតាំងនេះគ្មានប្រយោជន៍ទៀតនោះឡើយ។
ជម្រាបជូនថា ជុំវិញបណ្តឹងទាមទារសំណងជំងឺចិត្តនេះ ត្រូវបានដាក់កាលពីឆ្នាំ២០២៣ ក្រោមអាណត្តិគ្រប់គ្រងរបស់ប្រធានាធិបតី Yoon Suk-yeol ដែលបានអនុវត្តនយោបាយម៉ឺងម៉ាត់ចំពោះកូរ៉េខាងជើង មុនពេលលោកត្រូវបានទម្លាក់ចេញពីតំណែងជុំវិញការសម្រេចចិត្តដ៏ចម្រូងចម្រាសក្នុងការប្រកាសច្បាប់អាជ្ញាសឹក។ ចំណាត់ការនេះ គឺជាលើកទីមួយហើយដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានស្នើសុំសំណងដោយផ្ទាល់ពីរដ្ឋកូរ៉េខាងជើង៕

