អ្នកឧកញ៉ា គិត ម៉េង តែងតាំងលោកជំទាវ អ្នកឧកញ៉ា សុខ សុភាព ជាទីប្រឹក្សាជាន់ខ្ពស់ប្រធានសភាពាណិជ្ជកម្ម​កម្ពុជា អាណត្តិទី៥

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន​សម្រាប់កម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីសម្រេចតែងតាំង លោកជំទាវ អ្នកឧកញ៉ា សុខ សុភាព ស្ថាបនិក និងជាប្រធាន ឆេមពាន គ្រុប ឯ.ក ជាទីប្រឹក្សាជាន់ខ្ពស់ប្រធានសភាពាណិជ្ជកម្ម​កម្ពុជា អាណត្តិទី៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ អ្នកឧកញ៉ា សុខ សុភាព ក៏ជាម្ចាស់ក្រុមហ៊ុនផលិតស្រាបៀរ អ៉ីនធើ-ម៉ាទ្រីដ បេវើរីច និងក្រុមហ៊ុនអង្គរដេលីហ៊្វូដផងដែរ។ លោកជំទាវ អ្នកឧកញ៉ា ជាភរិយារបស់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ។

សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្ម រាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។

សូមជម្រាបជូនថា សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមាន​លក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕