ធនាគារកណ្តាលរបស់ចិន (PBOC) បានបន្តចាក់លុយប្រមាណជិត ៧០ពាន់លានដុល្លារ ទៅក្នុងធនាគារនានា នៅក្នុងខែនេះ ដែលជាចំនួនទឹកប្រាក់ដ៏ច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីចុងឆ្នាំ២០២៣ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី២៤ ខែមេសាកន្លងទៅ PBOC បានប្រកាសថាខ្លួននឹងបន្តចាក់បញ្ចូលទឹកប្រាក់បន្ថែមចំនួន ៦០០ពាន់លានយ៉ន់ (៨៣,២ពាន់លានដុល្លារ) ចូលទៅក្នុងធនាគារពាណិជ្ជកម្មនានា តាមរយ:ការផ្តល់ប្រាក់កម្ចីរយ:ពេលមធ្យមមួយឆ្នាំ (MLF) របស់ខ្លួន។
យ៉ាងណាមិញ គិតនៅក្នុងខែនេះ PBOC បានចាក់បញ្ចូលទឹកប្រាក់សុទ្ធចំនួន ៥០០ពាន់លានយ៉ន់ (៦៨ពាន់លានដុល្លារ) តាមរយ:កម្មវិធី MLF ដែលមានទំហំធំជាងខែមុនជាច្រើនដង ហើយក៏ជាចំនួនដ៏ធំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ មកផងដែរ។
បើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក Xinhua បានបង្ហាញឲ្យដឹងថា លោក Wang Qing ប្រធានអ្នកយុទ្ធសាស្រ្តប្រចាំនៅស្ថាប័ន Golden Credit Rating បានបញ្ចេញមតិថា ការបន្តចាក់បញ្ចូលចំនួនទឹកប្រាក់ដ៏ច្រើននេះ គឺជាសញ្ញាមួយដែល PBOC កំពុងរក្សាស្ថិរភាពនយោបាយ តាមរយ:ការផ្តល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន។
ទន្ទឹមនឹងនេះ ក្រុមវិនិយោគិន កំពុងឃ្លាំមើលយ៉ាងដិតដល់នូវចំណាត់ការរបស់អាជ្ញាធរចិន ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃពន្ធនាំចូលរបស់សហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានដាក់ពន្ធនាំចូលដល់ទៅ ១៤៥% លើផលិតផលទាំងអស់ពីប្រទេសចិន ដោយទំនិញមួយចំនួនត្រូវជាប់ពន្ធគយរហូតដល់ ២៤៥% ឯណោះ ខណ:ប្រទេសចិន ក៏បានសងសឹកវិញ ជាមួយនឹងការដាក់ពន្ធនាំចូល ១២៥% លើទំនិញរបស់សហរដ្ឋអាមេរិក ផងដែរ។
គួរឲ្យដឹងថា សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក អាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងសងខាង។ នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួនកាលពីដើមសប្តាហ៍នេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា GDP របស់សហរដ្ឋអាមេរិក អាចនឹងកើនឡើងត្រឹមតែ ១,៨% ប៉ុណ្ណោះ នៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពី ២,៨% កាលពីឆ្នាំមុន ស្របពេលការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន សម្រាប់ឆ្នាំនេះគឺមានត្រឹមតែ ៤% ប៉ុណ្ណោះពោលគឺពីចំនួន ៤,៦% ដែលត្រូវបានព្យាករកាលពីខែមករា។
ជុំវិញបញ្ហានេះ ការិយាល័យនយោបាយរបស់ប្រទេសចិន គ្រោងនឹងជួបប្រជុំគ្នានៅក្នុងអំឡុងខែនេះ។ ហើយបញ្ហាមួយក្នុងចំណោមបញ្ហាផ្សេងៗដែលទំនងជាត្រូវបានពិភាក្សា គឺគោលនយោបាយគាំទ្រ ដល់អាជីវកម្មផ្លាស់ប្តូរទៅកាន់ទីផ្សារក្នុងស្រុក៕

