មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន បញ្ជាក់ពីជំហរបស់ក្រសួងក្នុងការគាំទ្រអង្គការ សមាគមនានា

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញៈ រដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការសមាគមនៃក្រសួងព័ត៌មាន លោក សុខ ចាន់ភ័ក្តី បានបង្ហាញពីជំហរបស់ក្រសួង ក្នុងការគាំទ្រ អង្គការ សមាគមនានា លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា និងថ្នាក់ដឹកនាំសមាគម បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៦ កញ្ញានេះ។

លោក យិន លាងគង់ បានជម្រាបជូនលោករដ្ឋលេខាធិការថា សមាគមបង្កើតឡើង ក្នុងគោលដៅបណ្តុះបណ្តាល ធនធានមនុស្សផ្នែកសារព័ត៌មានឲ្យចេះសរសេរព័ត៌មាន សេដ្ឋកិច្ច អចលនទ្រព្យ និងហិរញ្ញវត្ថុឲ្យបានច្រើន ព្រោះជំនាញនេះសមស្របតាមបរិបទនៃការរីក ចម្រើនសេដ្ឋកិច្ច សង្គមកម្ពុជា។

លោកបន្តថា “សមាគមចង់រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយព័ត៌មានពីសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គក ម្ពុជា ទៅកាន់មជ្ឈដ្ឋានជាតិ អន្តរជាតិឲ្យបានទូលំទូលាយផងដែរ”។

លោក យិន លាងគង់ បានបន្តថា ក្នុងការជួបសម្តែងការគួរសមនេះ ថ្នាក់ដឹកនាំសមាគមចង់សុំកិច្ចសហការ ជាមួយក្រសួងព័ត៌មាន លើការបណ្តុះបណ្តាល និងកិច្ចសហការក្នុងរូបភាពមួយចំនួនទៀត ទាក់ទងនឹងការគៀងគរទុន ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលឲ្យបានរលូនផងដែរ។

ជាការឆ្លើយតប លោក សុខ ចាន់ភ័ក្តី បានស្វាគមន៍ និងកោតសរសើរចំពោះសមាគម ដែលបានរួមចំណែកជាមួយក្រសួងព័ត៌មានកន្លងមក។ លើសពីនេះ លោកបានលើកឡើងពីច្បាប់បទដ្ឋានគតិយុត្តិ មួយចំនួនរបស់ក្រសួង ដែលតម្រូវឲ្យអង្គការ សមាគមនានាអនុវត្តន៍តាមគោលការណ៍ណែនាំរបស់ក្រសួង។

លោករដ្ឋលេខាធិការ ក៏ស្នើឲ្យសមាគមធ្វើការពិចារណា ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស សិស្សានុសិស្សនៅតាមបណ្តាខេត្ត ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យាឲ្យបានត្រឹមត្រូវ។

លោក សុខ ចាន់ភ័ក្តី បានលើកឡើងផងដែរថា ក្រសួងគាំទ្រដល់អង្គការសមាគមនានា លើការបណ្តុះបណ្តាលធនធានមនុស្សលើមូលដ្ឋានមួយចំនួនដូចជា ផ្តល់សាលបណ្តុះបណ្តាល ផ្តល់គ្រូឧទ្ទេសក៏ និងផ្តល់ការគាំទ្រ ដោយវិញ្ញាបនបត្ររបស់ក្រសួងនឹងមានការស៊ីញ៉េទទួលស្គាល់ ដោយលោករដ្ឋមន្រ្តីក្រសួងព័ត៌មានផងដែរ៕