លោក Low Tuck Kwong ដែលត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីរ៉ែធ្យូងថ្ម បានធ្លាក់មកឈរនៅចំណាត់ថ្នាក់ទីបី ក្នុងចំណោមបុគ្គលដែលអ្នកមានបំផុតនៅប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីបានបាត់បង់ទ្រព្យសម្បត្តិចំនួន ២,៥ពាន់លានដុល្លារ កាលពីដើមសប្តាហ៍នេះ។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌូណេស៊ីដើមកំណើតសិង្ហបុរីរូបនេះ បានធ្លាក់ចុះមកនៅត្រឹម ១៤,៨ពាន់លានដុល្លារ ដែលធ្វើឲ្យលោក ឈរនៅពីក្រោយ មហាសេដ្ឋី Robert Budi Hartono ម្ចាស់ក្រុមហ៊ុន Djarum Group និងលោក Prajogo Pangestu ស្ថាបនិកក្រុមហ៊ុន Barito Pacific Group ដែលអ្នកទាំងពីរមានទ្រព្យសម្បត្តិសរុបប្រមាណ ១៦,៥ពាន់លានដុល្លារដូចគ្នា។
គួរជម្រាបជូនថា ភាគហ៊ុននៃក្រុមហ៊ុនរុករករ៉ែធ្យូងថ្មដ៏សំខាន់របស់លោក គឺ PT Bayan Resources បានបិទការជួញដូរនៅថ្ងៃទី១៦ ខែកញ្ញា ដោយធ្លាក់ចុះ ៨,១% បន្ទាប់ពីបានធ្លាក់ចុះ ១០,១% ផងដែរកាលពីវគ្គជួញដូរមួយថ្ងៃមុន។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Jakarta Globe៕

