សភាអាមេរិក ចាប់ផ្តើមបើកការស៊ើបអង្កេតលើក្រុមហ៊ុន Starlink របស់មហាសេដ្ឋី Elon Musk

អន្តរជាតិ

គណៈកម្មាការសភាអាមេរិក ត្រូវបានគេរាយការណ៍ថាកំពុងបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា ក្រុមហ៊ុន Starlink របស់មហាសេដ្ឋី Elon Musk បានផ្តល់សេវាកម្មអ៊ីនធើណិតតាមផ្កាយរណប ដល់មជ្ឈមណ្ឌលបោកប្រាស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយពីសារពត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មាការសេដ្ឋកិច្ចចម្រុះរបស់សភាអាមេរិក ដែលជាស្ថាប័នដ៏មានឥទ្ធិពលមួយដែលបង្កើតឡើងដោយសមាជិកសភា និងព្រឹទ្ធសភា បានបញ្ជាក់កាលពីថ្ងៃទី១៣ ខែតុលាថា ការស៊ើបអង្កេតរបស់ខ្លួនទៅលើក្រុមហ៊ុនផ្កាយរណប Starlink គឺជាប់ពាក់ព័ន្ធទៅនឹងមជ្ឈមណ្ឌលក្លែងបន្លំក្នុងប្រតេសមីយ៉ាន់ម៉ា ដែលបានចាប់ផ្តើមនៅក្នុងខែកក្កដា។

យ៉ាងណាមិញ ព្រឹទ្ធសមាជិក លោក Maggie Hassan ដែលជាសមាជិកកំពូលរបស់គណៈកម្មាធិការនេះ ធ្លាប់បានអំពាវនាវឱ្យ លោក Musk ធ្វើសកម្មភាពមួយចំនួនរួចមកហើយ បន្ទាប់ពីទទួលបានការព្រមានពីអ្នកនយោបាយអាមេរិកមួយចំនួន និងពីប្រទេសថៃ ដែលមានព្រំដែនជាប់ទៅនឹងប្រទេសមីយ៉ាន់ម៉ា។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនមេរបស់ Starlink មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយលើព័ត៌មាននេះ នៅឡើយទេ។

ជម្រាបជូនថា មីយ៉ាន់ម៉ា គឺជាបណ្តុំនៃមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតជាច្រើន ដោយក្រុមជួញដូរភាគច្រើនដំណើរការដោយក្រុមឧក្រិដ្ឋកម្មដែលរៀបចំដោយចិន ហើយពួកគេប្រមូលប្រាក់បានរាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ អនុរដ្ឋលេខាធិការរតនាគារអាមេរិក លោក John K. Hurley បាននិយាយថា ប្រជាជនអាមេរិក បានខាតបង់អស់ច្រើនជាង ១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ចំពោះការលួចបន្លំតាមអ៊ីនធឺណិតពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកើនឡើង ៦៦% ធៀបនឹងឆ្នាំ២០២៣៕​