ក្រុមAOT ចុះពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ និងជំរំជនភៀសសឹកជាង ១ម៉ឺន ៣ពាន់នាក់ នៅខេត្តបន្ទាយមានជ័យ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន ព្រមទាំងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងជំរំជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ កាលពីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅថ្ងៃទី១៧ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ បច្ចុប្បន្ននៅក្នុងជំរំភូមិរង់ចាំ មានប្រជាពលរដ្ឋភៀសសឹកចំនួន ៣,៣១៨ គ្រួសារ ស្មើនឹង ១៣,២៥៩ នាក់ នៅពុំទាន់អាចវិលត្រឡប់ទៅរស់នៅក្នុងលំនៅដ្ឋានដើមរបស់ខ្លួនវិញបាននៅឡើយ។ មូលហេតុគឺដោយសារតែផ្ទះសម្បែង និងភូមិឋានរបស់ពួកគាត់ ត្រូវបានទទួលរងការវាយប្រហារបំផ្លិចបំផ្លាញខ្ទេចខ្ទីពីការទម្លាក់គ្រាប់បែកដោយយន្តហោះចម្បាំង និងគ្រាប់ផ្លោង ព្រមទាំងការចូលកាន់កាប់ទីតាំងដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ។

កម្ពុជាបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះតួនាទីរបស់ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការសង្កេតការណ៍ ផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែង ការគាំទ្រដល់ការអនុវត្តបទឈប់បាញ់ និងការកសាងទំនុកចិត្តរវាងភាគីកម្ពុជា-ថៃ។ ដំណើរចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយផ្ទាល់របស់ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និងក្រុមការងារ AOT នៅពេលនេះ បានផ្តល់ឱកាសឱ្យគណៈប្រតិភូបានឃើញច្បាស់ដោយផ្ទាល់ភ្នែក នូវទុក្ខលំបាក និងផលប៉ះពាល់ផ្នែកមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដែលប្រជាពលរដ្ឋស៊ីវិលកម្ពុជាកំពុងជួបប្រទះ។

ជាមួយគ្នានេះ ភាគីកម្ពុជាបានគូសបញ្ជាក់យ៉ាងច្បាស់អំពី «ភាពចាំបាច់ជាដាច់ខាត» ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងនៅក្នុងចំណុចទី៤ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដើម្បីបើកផ្លូវឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕