កម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ” ដែលមានទំហំថវិកាគ្រោងប្រមាណ ជាង ១ ២០០ លានដុល្លារ Official Launching Ceremony ”The Comprehensive Intervention Program in Response to The Multi-Crises” នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនេះ ត្រូវបានរៀបចំឡើងក្នុងស្មារតីរក្សាលំនឹងជីវភាពប្រជាជន និងអាជីវកម្ម, ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់ទៅនឹងវិបត្តិថាមពល ព្រមទាំងបង្កើតការងារ និងជ្រោមជ្រែងការងើបឡើងវិញនៃធរុកិច្ច ដែលកម្មវិធីនេះត្រូវបានកំណត់គោលដៅចំនួន ៤ សំខាន់ៗដូចជា៖
ទី១. រក្សាលំនឹងជីវភាពរបស់ក្រុមប្រជាជនគោលដៅ តួយ៉ាង ប្រជាជនក្រីក្រ, គ្រួសារងាយរងហានិភ័យ, កសិករ ពលករទេសន្តរប្រវេសន៍ និងគ្រួសារភៀសសឹក និងអ្នកប្រកបរបររត់រ៉ឺម៉កកង់បី ជាដើម ទី២. លើកកម្ពស់សហគ្រាសខ្នាតមីក្រូ, តូច និងមធ្យម (MSMEs) ទាំងក្នុង និងក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករចម្បងជំរុញកំណើនសេដ្ឋកិច្ចជាតិ, ទី៣. លើកកម្ពស់ការអភិវឌ្ឍជំនាញ, បង្កើតមុខរបរ និងពង្រីកឱកាសការងារ តាមរយៈ កម្មវិធីបណ្តុះបណ្តាលជំនាញដែលឆ្លើយតបនឹងតម្រូវការទីផ្សារ និងកម្មវិធីបង្កើតការងារនៅមូលដ្ឋាន, និង ទី៤. ពង្រឹងការគ្រប់គ្រង និងជំរុញការធ្វើអន្តរកម្ម ព្រមទាំងការបំប្លែងថាមពល ដើម្បីពង្រឹងភាពធន់ និងសមត្ថភាពឆ្លើយតបចំពោះវិបត្តិថាមពលជាយថាហេតុនាពេលអនាគត។

កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយនេះត្រូវបានបែងចែកចេញជាកញ្ចប់អន្តរាគមន៍ចំនួន ៣ រួមមាន៖ - កញ្ចប់អន្តរាគមន៍ទី១ ដែលមានវិធានការសរុបចំនួន ១៥ វិធានការ ក្នុងការរក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការបង្កើតការងារកញ្ចប់អន្តរាគមន៍ទី២ ដែលមានវិធានការសរុបចំនួន ៤ វិធានការ ក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ និងកញ្ចប់អន្តរាគមន៍ទី៣ ដែលមានវិធានការសរុបចំនួន ៨ វិធានការ ក្នុងការគ្រប់គ្រង ការធ្វើអន្តរកម្ម និងការបំប្លែងថាមពល។ វិធានការទាំងនេះ នឹងត្រូវអនុវត្តក្នុងពេលដំណាលគ្នា ចាប់ពីឆមាសទី២ ឆ្នាំ២០២៦ នេះតទៅ រហូតដល់កាលបរិច្ឆេទកំណត់ជាក់ស្តែងដែលបានកំណត់សម្រាប់វិធានការនីមួយៗ លើកលែងតែ វិធានការមួយចំនួនដែលមានចរិតចូលរួមកសាងភាពធន់សង្គម-សេដ្ឋកិច្ចកម្ពុជាសម្រាប់រយៈពេលមធ្យម និងវែង។

គូសបញ្ជាក់ថា កម្មវិធីនេះ មិនមែនជាការដាក់ចេញវិធានការថ្មីទាំងស្រុងនោះទេ ប៉ុន្តែ ជាការប្រមូលផ្តុំ, កែសម្រួល ឬពង្រីកវិធានការដែលមានស្រាប់ និងបន្ថែមវិធានការថ្មីៗតាមការចាំបាច់ ដើម្បីឱ្យការឆ្លើយតបរបស់ រាជរដ្ឋាភិបាលកាន់តែគ្រប់ជ្រុងជ្រោយ ទាន់ពេលវេលា និងចំគោលដៅ ។ កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ដែលត្រូវបានអនុម័តដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦៕


