មហាសេដ្ឋីបាល់ទាត់ Ronaldo មានគម្រោងទិញយកក្លិប Al Nassr របស់អារ៉ាប៊ីសាអូឌីត

អន្តរជាតិ

តារាបាល់ទាត់ឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ដែលបច្ចុប្បន្នកំពុងជាផ្នែកមួយនៃក្រុមវិនិយោគិនចំនួន ៥ រូប កំពុងរៀបចំសំណើដេញថ្លៃដើម្បីទិញយកភាគហ៊ុនគ្រប់គ្រងភាគច្រើននៅក្នុងក្លិបបាល់ទាត់ Al Nassr ពីមូលនិធិវិនិយោគសាធារណៈ (PIF) របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ A Bola។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ក្រុមវិនិយោគិននោះរួមមាន លោក Gerry Cardinale ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន RedBird Capital និងជាម្ចាស់ក្លិប AC Milan ព្រមទាំងពាណិជ្ជករអារ៉ាប៊ីសាអូឌីត ៣ រូបទៀតគឺ លោក Ibrahim Al-Muhaidib, លោក Mohammed Al-Khuraiji និងលោក Sharaf Al-Hariri។ ពួកគេកំពុងរៀបចំដាក់សំណើទៅកាន់ PIF ដែលបច្ចុប្បន្នកំពុងកាន់កាប់ភាគហ៊ុន ៧៥% នៅក្នុងក្លិប Al Nassr។

ផ្អែកតាមផែនការដែលបានប្រកាស សមាជិកក្រុមនីមួយៗត្រូវប្តេជ្ញាចិត្តវិនិយោគយ៉ាងហោចណាស់ ១០០លានដុល្លារ ដែលធ្វើឱ្យដើមទុនសរុបអប្បបរមាដែលត្រូវកៀរគរដោយអ្នកវិនិយោគទាំង៥រូប កើនឡើងដល់ ៥០០លានដុល្លារ។

តំណាងមកពីក្រុមហ៊ុន RedBird Capital និងក្រុមអ្នកវិនិយោគផ្សេងទៀត ត្រូវបានរំពឹងថានឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ PIF ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ជំនួបនេះអាចនឹងសម្រេចថា តើមូលនិធិអារ៉ាប៊ីសាអូឌីតយល់ព្រមប្រគល់សិទ្ធិគ្រប់គ្រងក្លិប Al Nassr ឬយ៉ាងណា។

គួរឲ្យដឹងថាក្លិប Al Nassr ដែលមានមូលដ្ឋាននៅក្រុងរីយ៉ាដមួយនេះ បច្ចុប្បន្នមានកីឡាករល្បីៗជាច្រើនរូប ដោយក្នុងនោះ Ronaldo ជាតួអង្គលេចធ្លោជាងគេ។ រូបគេបានចូលរួមជាមួយ Al Nassr នៅចុងឆ្នាំ២០២២ ដែលជាការចាប់ផ្តើមនៃការផ្ទេរកីឡាករឆ្នើមៗជាបន្តបន្ទាប់មកកាន់លីគបាល់ទាត់ Saudi Pro League។

ជម្រាបជូនថា យោងតាមសារព័ត៌មានប្រេស៊ីល Globo Esporte ក៏បានបង្ហាញឲ្យដឹងថា បច្ចុប្បន្ន Ronaldo កាន់កាប់ភាគហ៊ុន ៥% នៅក្នុងក្លិប Al Nassr ហើយអាចនឹងបង្កើនភាគហ៊ុនរបស់ខ្លួនបន្ថែមទៀត ប្រសិនបើកិច្ចព្រមព្រៀងនេះសម្រេចបានជោគជ័យ៕