សហភាពអឺរ៉ុប និងប្រទេសស្វីស កំពុងវិនិយោគទឹកប្រាក់ចំនួន ២០០ពាន់លានអឺរ៉ូ (២៣៥ពាន់លានដុល្លារ) លើខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់អាគុយ យានយន្តអគ្គិសនី និងស្ថានីយ៍សាកថ្ម ដោយមានគោលបំណងបង្កើតប្រព័ន្ធអេកូឡូស៊ី និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញព័ត៌មាននេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍មួយមានឈ្មោះថា “ការបង្កើតសេដ្ឋកិច្ចយានយន្តអគ្គិសនី” ដែលបានចេញផ្សាយ នៅថ្ងៃទី១២ ខែឧសភា ដោយសមាគមពាណិជ្ជកម្មយានយន្តអគ្គិសនីអឺរ៉ុប (E-Mobility Europe) និងក្រុមហ៊ុនស្រាវជ្រាវ New Automotive។
ចំពោះការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះផងដែរ ត្រូវបានបែងចែក ដោយ ១០៩ពាន់លានអឺរ៉ូទៅលើខ្សែសង្វាក់ផ្គត់ផ្គង់អាគុយ ៦០ពាន់លានអឺរ៉ូលើយានយន្តអគ្គិសនី និងចន្លោះពី ២៣-៤៦ពាន់លានអឺរ៉ូទៅបណ្តាញស្ថានីយ៍សាកថ្ម។
យ៉ាងណាមិញ កិច្ចខិតខំប្រឹងប្រែងនេះ មានគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដែលផលិតអាគុយ ៨០% នៃពិភពលោក រួមទាំងអាគុយដែលប្រើក្នុងយានយន្តក្រៅពីយានយន្តអគ្គិសនី ផងដែរ។
គួរឲ្យដឹងថា ឧស្សាហកម្មរថយន្តអគ្គិសនីរបស់សហភាពអឺរ៉ុប កំពុងស្ថិតក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដោយផ្តោតលើការផ្លាស់ប្តូររោងចក្រផលិតរថយន្តបែបប្រពៃណី និងការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីថ្មី។ ពួកគេក៏កំពុងបង្កើនសមត្ថភាពផលិតថ្ម ដើម្បីកាត់បន្ថយការចំណាយ និងគ្រប់គ្រងហានិភ័យខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។
យោងតាម E-Mobility Europe ការវិនិយោគទាំងនេះ បានគាំទ្រការងារសរុបជាង ១៥០ ០០០ កន្លែង ហើយវានឹងអាចបង្កើនចំនួននោះទ្វេដង ប្រសិនបើវិនិយោគិនអនុវត្តគម្រោងនេះយ៉ាងពេញលេញ៕

