សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម គីម រិទ្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ដែលត្រូវជាកូនប្រុសច្បងរបស់ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអភិបាលខេត្តព្រះវិហារ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។

គួររំឭកថា ឯកឧត្តម គីម រិទ្ធី ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អភិបាលខេត្តព្រះវិហារថ្មី (អាណត្តិទី១) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីលោក ប្រាក់ សុវណ្ណ ត្រូវបានដាក់ឱ្យចូលនិវត្តន៍។
បទពិសោធន៍ការងារ
មុនពេលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី ធ្លាប់កាន់តំណែងជាច្រើនទាំងក្នុងក្របខណ្ឌមន្ត្រីរដ្ឋបាលសាធារណៈ ក្របខណ្ឌនគរបាលជាតិ និងក្របខណ្ឌកងយោធពលខេមរភូមិន្ទ។
នៅក្នុងឆ្នាំ២០០៥ លោកកាន់តួនាទីជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងប្រតិបត្តិការ។ បន្ទាប់ពីបានបំពេញការងារជាមន្ត្រីនគរបាលជិត ២ឆ្នាំ លោកក៏ផ្លាស់ប្ដូរក្របខណ្ឌ ដោយត្រូវមកបំពេញការងារជាមន្ត្រីយោធាវិញនៅក្នុងឆ្នាំ ២០០៧។
នៅឆ្នាំ២០១១ លោកត្រូវបានដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយទោ (ផ្កាយ២) ជាមួយនឹងមុខតំណែងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។
លុះនៅអំឡុងខែធ្នូ ឆ្នាំ២០១៤ លោកត្រូវតែងតាំងជាអភិបាលរងខេត្តកណ្ដាល រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្ទេរភារកិច្ចលោក គីម រិទ្ធី ពីអភិបាលរងខេត្តកណ្តាល ឲ្យមកកាន់តំណែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។
ប្រវត្តិសិក្សា
លោក គីម រិទ្ធី ជាយុវជនម្នាក់ដែលបានទទួលការអប់រំ និងបណ្ដុះបណ្ដាលពីក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក និងសិង្ហបុរី។ នៅក្នុងនោះឆ្នាំ១៩៩១-១៩៩៥ លោកចូលរៀននៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ហើយលោកផ្លាស់ទៅរៀននៅអនុវិទ្យាល័យ Bukit Merah នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ១៩៩៥-១៩៩៨។
ក្រោយបញ្ចប់កម្រិតវិទ្យាល័យនេះ គឺលោកសិក្សានៅមហាវិទ្យាល័យនីតិព្រហ្មទណ្ឌ នៅទីក្រុង New York សហរដ្ឋអាមេរិក ដោយលោកទទួលបានសញ្ញាបត្រកម្រិតបរិញ្ញាបត្រវិទ្យាសាស្ត្រ ក្នុងឆ្នាំ២០០២ និងសញ្ញាបត្រអនុបណ្ឌិតផ្នែកព្រហ្មទណ្ឌ ឆ្នាំ២០០៤។ ទន្ទឹមគ្នានេះ នៅឆ្នាំ២០១២-២០១៣ លោកក៏បន្តយកសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ នៅសាលាគោលនយោបាយ លីក្វាន់យូ ប្រទេសសិង្ហបុរី ថែមទៀតផងដែរ៕





