ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម គីម រិទ្ធី កូនប្រុសច្បងទេសរដ្ឋមន្ត្រី គន់ គីម ជាអភិបាល​ខេត្តព្រះវិហារ សម្រាប់អាណត្តិទី២

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានចេញ​ព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម គីម រិទ្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ដែលត្រូវជាកូនប្រុសច្បងរបស់​ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអភិបាល​ខេត្តព្រះវិហារ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររំឭកថា ឯកឧត្តម គីម រិទ្ធី ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អភិបាលខេត្តព្រះវិហារថ្មី (អាណត្តិទី១) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់​ពីលោក ប្រាក់ សុវណ្ណ ត្រូវបានដាក់ឱ្យចូលនិវត្តន៍។

បទពិសោធន៍ការងារ

មុនពេលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី ធ្លាប់កាន់តំណែងជាច្រើនទាំងក្នុងក្របខណ្ឌមន្ត្រីរដ្ឋបាលសាធារណៈ ក្របខណ្ឌនគរបាលជាតិ និងក្របខណ្ឌកងយោធពលខេមរភូមិន្ទ។

នៅក្នុងឆ្នាំ២០០៥ លោកកាន់តួនាទីជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងប្រតិបត្តិការ។ បន្ទាប់ពីបានបំពេញការងារជាមន្ត្រីនគរបាលជិត ២ឆ្នាំ លោកក៏ផ្លាស់ប្ដូរក្របខណ្ឌ ដោយត្រូវមកបំពេញការងារជាមន្ត្រីយោធាវិញនៅក្នុងឆ្នាំ ២០០៧។

នៅឆ្នាំ២០១១ លោកត្រូវបានដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយទោ (ផ្កាយ២) ជាមួយនឹងមុខតំណែងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។

លុះនៅអំឡុងខែធ្នូ ឆ្នាំ២០១៤ លោកត្រូវតែងតាំងជាអភិបាលរងខេត្តកណ្ដាល រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្ទេរភារកិច្ចលោក គីម រិទ្ធី ពីអភិបាលរងខេត្តកណ្តាល ឲ្យមកកាន់តំណែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។

ប្រវត្តិសិក្សា

លោក គីម រិទ្ធី ជាយុវជនម្នាក់ដែលបានទទួលការអប់រំ និងបណ្ដុះបណ្ដាលពីក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក និងសិង្ហបុរី។ នៅក្នុងនោះឆ្នាំ១៩៩១-១៩៩៥ លោកចូលរៀននៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ហើយលោកផ្លាស់ទៅរៀននៅអនុវិទ្យាល័យ Bukit Merah នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ១៩៩៥-១៩៩៨។

ក្រោយបញ្ចប់កម្រិតវិទ្យាល័យនេះ គឺលោកសិក្សានៅមហាវិទ្យាល័យនីតិព្រហ្មទណ្ឌ នៅទីក្រុង New York សហរដ្ឋអាមេរិក ដោយលោកទទួលបានសញ្ញាបត្រកម្រិតបរិញ្ញាបត្រវិទ្យាសាស្ត្រ ក្នុងឆ្នាំ២០០២ និងសញ្ញាបត្រអនុបណ្ឌិតផ្នែកព្រហ្មទណ្ឌ ឆ្នាំ២០០៤។ ទន្ទឹមគ្នានេះ នៅឆ្នាំ២០១២-២០១៣ លោកក៏បន្តយកសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ នៅសាលាគោលនយោបាយ លីក្វាន់យូ ប្រទេសសិង្ហបុរី ថែមទៀតផងដែរ៕