២ខែពន្ធដារ រកចំណូលបានប្រមាណជាង​ ៥៣៩លានដុល្លារអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញរបាយការណ៍ថា នៅក្នុងរយៈពេល២ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួនជាង ៥៣៩លានដុល្លារ ស្មើនឹងជាង១៥% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា សរុបរយៈពេល២ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន២,១៨៣.៨៩ ប៊ីលានរៀល (ប្រមាណជា ៥៣៩.២៣ លានដុល្លារ) ស្មើនឹង១៥.១០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ ប្រៀបធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ឃើញថា កើនឡើងចំនួន ១០៩.៣៣ប៊ីលានរៀល (ប្រមាណជា២៧.០០លានដុល្លារ) ស្មើនឹង៥.២៧%»។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាន បានបង្ហាញថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៩៦៦.៣២ ប៊ីលានរៀល (ប្រមាណជា ២៣៨.៦០លានដុល្លារ) ស្មើនឹង៦.៦៨% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ឃើញថា កើនឡើងចំនួន ៥៩.២៩ ប៊ីលានរៀល (ប្រមាណជា១៤.៦៤លានដុល្លារ) ស្មើនឹង៦.៥៤%។

បើតាមលោក គង់ វិបុល សម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ១៤.៧៩%, អាករលើតម្លៃបន្ថែម ៨.៩៣%, និងពន្ធលើប្រាក់បៀវត្ស ១១.០១%៕