គណៈប្រតិភូដែលមកពីក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន Almasons Consutling, LLC និងក្រុមហ៊ុន Turning Point Retail Solutions កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានមកជួបពិភាក្សាជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកឧស្សាហកម្មទំនើប បរិវត្តកម្មឌីជីថលនៅកម្ពុជា។

នៅក្នុងជំនួបពិភាក្សានេះ លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ជំនួបជាមួយគណៈប្រតិភូក្រុមហ៊ុនទាំងពីរនេះ គឺធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីកាលានុវត្តភាពវិនិយោគ គោលនយោបាយលើកទឹកចិត្ត ព្រមទាំងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើផ្នែកឧស្សាហកម្មទំនើប បរិវត្តកម្មឌីជីថលនៅកម្ពុជា។

ជាមួយគ្នានេះ លោក លឹម វិសាល ក៏បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកបានជម្រាបជូនអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកែលម្អបរិយាកាសធុរកិច្ច តាមរយៈការផ្តល់កិច្ចសម្រួលវិនិយោគ, ការថែទាំវិនិយោគ, យន្តការលើកទឹកចិត្តផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ, ព្រមទាំងបានឆ្លើយតបទៅនឹងសំណួរជាក់លាក់របស់គណៈប្រតិភូ។

ជាការឆ្លើយតប គណៈប្រតិភូបានកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័សនៅកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលបានចំណាយពេលវេលាទទួលជួប និងចែករំលែកនូវអំពីព័ត៌មានសំខាន់ៗជាច្រើនអំពីបរិយាកាសវិនិយោគ ក៏ដូចកាលានុវត្តភាពថ្មីៗនៅកម្ពុជា។
សូមជម្រាបដែរថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៧៦គម្រោង។ គម្រោងទាំងនេះមានទុនវិនិយោគប្រមាណ ៤,៧ប៊ីលានដុល្លារ និងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានជាង ១៦ម៉ឺនកន្លែង៕នេះបើយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ អត្ថបទ៖ហ្សាលីន

