ខេត្តកំពង់ស្ពឺ ប្រៀបបានដូចកូនក្រមុំ លោក វ៉ី សំណាង រំពឹងទទួលក្រុមហ៊ុនចំនួន១០ពីហុងកុងឆាប់ៗនេះ

សង្គម​និង​សេដ្ឋកិច្ច

នៅទីក្រុងហុងកុង កាលថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ លោក វ៉ី សំណាង បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកំពង់ស្ពឺ ទស្សនៈកិច្ចនៅតាមក្រុមហ៊ុននានាជាច្រើន រួមទាំងបានជួបប្រជុំដើម្បីបង្ហាញពីសក្តានុពលខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើបណ្ដាញសង្គមហ្វេសប៊ុកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា មានក្រុមហ៊ុនយ៉ាងតិច ១០ នឹងមកប្រកបអាជីវកម្មនៅក្នុងខេត្តកំពង់ស្ពឺ ឆាប់ៗនេះ រួមទាំងមានតម្រូវការកម្លាំងពលកម្មយ៉ាងហោចណាស់ ១០,០០០នាក់។

លោកបន្តថា ក្រៅពីការប្រកបអាជីវកម្មរោងចក្រដែលមានសកម្មភាពសេដ្ឋកិច្ច ផលិតសម្លៀកបំពាក់ ស្បែកជើង កាបូបគ្រប់ប្រភេទហើយនោះ ក៏មានក្រុមហ៊ុនមួយចំនួនទៀត មានបំណងវិនិយោគលើការសាងសង់ និងអចលនទ្រព្យផងដែរ។

លោក វ៉ី សំណាង ធ្លាប់ប្រាប់កាសែតរដ្ឋ AKP ឱ្យដឹងថា កំពង់ស្ពឺជាខេត្តមួយ ប្រៀបបានដូចកូនក្រមុំ ដែលទាក់ទាញ អ្នកវិនិយោគជាច្រើនលើវិស័យ ឧស្សាហកម្ម និងមានសក្តានុពលលើវិស័យទេសចរណ៍ ដែលជាកត្តារុញខេត្តមួយនេះ មានការរីកចម្រើនលើគ្រប់វិស័យ នាពេលបច្ចុប្បន្នក៏ដូចជាទៅថ្ងៃអនាគត។

លោកនិយាយថា៖ «ខេត្តកំពង់ស្ពឺ ជាខេត្តមួយកំពុងមានភាពទាក់ទាញអ្នកវិនិយោគ លើវិស័យឧស្សាហកម្ម ដោយសារខេត្តមួយនេះនៅជិតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងមានផ្លូវជាតិបីខ្សែ គឺផ្លូវលេខ៥១ ផ្លូវលេខ៤៤ និងផ្លូវលេខ៤១ ដែលជាផ្លូវមានគម្រោង អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស»។

បើតាមលោក វ៉ី សំណាង កាលពីពេលថ្មីៗនេះ អ្នកវិនិយោគិនហុងកុង មានគម្រោងបង្កើតរោង ចក្រកាបូ នៅខេត្តកំពង់ស្ពឺ ដែលត្រូវការកម្លាំងពលកម្មប្រមាណ ១២០០០នាក់។ ជាមួយគ្នានេះ រោងចក្រផលិត ស្បែកជើង ដ៏ធំមួយរបស់ចិន ដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា ក៏បានសម្រេចចិត្តរើទីតាំងរបស់ខ្លួនពីមីយ៉ាន់ម៉ា មកវិនិយោគផលិតស្បែកជើងនៅខេត្តកំពង់ស្ពឺ ផងដែរ។ មូលហេតុនៃការរើទីតាំងនេះ ដោយសារបញ្ហាវិបត្តិនយោបាយ នៅមីយ៉ាន់ម៉ា ខណៈដែលកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមាន គោលនយោបាយជាច្រើនទៀត ក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា៕