រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានព្រមានថា ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ទាំងអស់នឹងមិនអាចប្រតិបត្តិការនៅទូទាំងពិភពលោកបានឡើយ ដែលជាផ្នែកមួយនៃសម្ពាធទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Scott Bessent បានថ្លែងនៅក្នុងបទសម្ភាសមួយជាមួយសារព័ត៌មាន CNBC កាលពីថ្ងៃទី២១ ខែកញ្ញា ថា ៖”ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ទាំងអស់នឹងត្រូវហាមឃាត់នៅទូទាំងពិភពលោក។ អ្នកមិនអាចផ្ដល់ប្រេងឥន្ធនៈ សេវាកម្មដីគោក ឬលក់សំបុត្រឱ្យក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់បានឡើយ បើពុំនោះទេ ខ្លួនអ្នកផ្ទាល់នឹងត្រូវកាត់ផ្ដាច់ចេញពីប្រព័ន្ធប្រាក់ដុល្លារអាមេរិក”។
យ៉ាងណាមិញ នេះជាលើកទីមួយហើយដែលអាមេរិកបានចេញការព្រមានអំពីប្រតិបត្តិការជាសកលនៃយន្តហោះពាណិជ្ជកម្មអ៊ីរ៉ង់បែបនេះ ដោយតម្រង់ទិសដៅលើអ្នកដែលផ្តល់សេវាកម្មដល់ក្រុមហ៊ុនអាកាសចរណ៍របស់ទីក្រុងតេអេរ៉ង់។
យ៉ាងណាមិញ ការដែលត្រូវបានកាត់ផ្ដាច់ចេញពីប្រព័ន្ធប្រាក់ដុល្លារអាមេរិក ក្រោមវិធានការទណ្ឌកម្ម មានន័យថាក្រុមហ៊ុន និងអង្គភាពទាំងនោះនឹងមិនអាចធ្វើ ឬដំណើរការប្រតិបត្តិការហិរញ្ញវត្ថុជាប្រាក់ដុល្លារអាមេរិកបានទៀតនោះឡើយ។
គួរជម្រាបជូនថា បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាង ៧ខែមកនេះ ជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ មិនទាន់បង្ហាញសញ្ញានៃការបញ្ចប់នៅឡើយទេ។ អមដោយសម្ពាធផ្ទាល់តាមរយៈការបិទខ្ទប់ផ្លូវទឹកនៅកំពង់ផែអ៊ីរ៉ង់ក្នុងតំបន់ឈូងសមុទ្រពែក្ស សហរដ្ឋអាមេរិកបានប្រកាសពង្រីកទណ្ឌកម្មកាលពីចុងខែសីហា ក្នុងគោលបំណងរឹតបន្តឹងសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ៕

