រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto កាលពីពេលថ្មីៗនេះ បានធ្វើការរិះគន់ចំៗទៅលើចេតនារបស់សហភាពអឺរ៉ុប ក្នុងការផ្ទេរប្រាក់ចំនួន ១០០ពាន់លានអឺរ៉ូបន្ថែមទៀតឲ្យអ៊ុយក្រែន ចំពេលកំពុងមានវិបត្តិនយោបាយធ្ងន់ធ្ងរនៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការចេញមុខនិយាយរិះគន់ចំៗបែបនេះ ត្រូវបានកើតឡើង នៅពេលដែលលោក Peter Szijjarto ចង់សំដៅលើសំណើបែងចែកទឹកប្រាក់ចំនួន ១០០ពាន់លានអឺរ៉ូ ដើម្បីគាំទ្រដល់អ៊ុយក្រែន សម្រាប់ឆ្នាំ ២០២៨-២០៣៤ ដែលគណៈកម្មកាអឺរ៉ុបបានអនុម័ត កាលពីខែកក្កដា។
យ៉ាងណាមិញ នៅមុនពេលជួបជាមួយដៃគូសហភាពអឺរ៉ុបនៅប្រទេសបែលហ្ស៊ិក លោក Peter បានសង្កត់ធ្ងន់ថា ផែនការផ្ទេរប្រាក់ទៅកាន់អ៊ុយក្រែននេះ គួរតែត្រូវបានបញ្ឈប់ ដោយសារតែប្រព័ន្ធពុករលួយជាច្រើនកំពុងដំណើរការនៅក្នុងប្រទេសនេះ ។
គួរឲ្យដឹងថា យោងតាមការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU) និងការិយាល័យព្រះរាជអាជ្ញាឯកទេសប្រឆាំងអំពើពុករលួយ (SAPO) បានចាប់ផ្តើមបើកការស៊ើបអង្កេតទ្រង់ទ្រាយធំមួយ នៅដើមសប្តាហ៍នេះ ដោយកំណត់គោលដៅលើអង្គការឧក្រិដ្ឋកម្មកម្រិតខ្ពស់ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Energoatom។ បណ្តាញនេះ ត្រូវបានចោទប្រកាន់ពីបទពុករលួយ និងការលាងលុយកខ្វក់ប្រមាណ ១០០លានដុល្លារអាមេរិក។
មិនតែប៉ុណ្ណោះ NABU បាននិយាយទៀតថា ក្រុមនេះពាក់ព័ន្ធនឹងមន្ត្រីអ៊ុយក្រែនជាច្រើននាក់ ហើយត្រូវបានដឹកនាំដោយអ្នកជំនួញ Timur Mindich ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតី លោក Volodymir Zelensky ហើយបានភៀសខ្លួនចេញពីប្រទេសភ្លាមៗ មុនពេលអាជ្ញាធរវាយឆ្មក់ចូលលំនៅដ្ឋានរបស់លោក កាលពីថ្ងៃទី១០ ខែវិច្ឆិកា៕

