ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបពិភាក្សាគ្នាផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីកិច្ចព្រមព្រៀងបទឈប់បាញ់លើហេដ្ឋារចនាសម្ព័ន្ធថាមពលជាមួយរុស្ស៊ី ដោយបានបង្ហាញថាប្រទេសលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការយល់ព្រមលើលក្ខណ្ឌនេះ បើសិនរុស្ស៊ីធ្វើដូចគ្នានេះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Zelensky បានសរសេរសារមួយនៅលើបណ្តាញសង្គមរបស់ខ្លួន កាលពីថ្ងៃទី២២ ខែកញ្ញាថា ៖”ខ្ញុំមានជំនួបដ៏វិជ្ជមាន និងទទួលបានផលល្អជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ ទាំងអាមេរិក និងអ៊ុយក្រែន សុទ្ធតែចង់ឱ្យសង្គ្រាមដ៏គ្មានន័យនេះបញ្ចប់មុនរដូវរងាចូលមកដល់”។
យ៉ាងណាមិញ បើតាមការបញ្ជាក់របស់លោក អ៊ុយក្រែន និងសហរដ្ឋអាមេរិកបានពិភាក្សាអំពីជំហាននានាដែលអាចជួយកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានការដោះស្រាបយតាមបែបការទូត។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើសំណើឱ្យរុស្ស៊ី និងអ៊ុយក្រែនបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមកផងដែរ ដោយលោក Zelensky បានអះអាងពីការត្រៀមខ្លួនរួចជាស្រេចរបស់ទីក្រុងកៀវក្នុងការទទួលយកកិច្ចព្រមព្រៀងបែបនេះ។
គួរជម្រាបជូនថា នេះគឺជាជំនួបលើកដំបូងរវាងមេដឹកនាំអាមេរិក និងអ៊ុយក្រែន គិតចាប់តាំងពីខែកក្កដាមក។ មុនជំនួបនេះ ប្រធានាធិបតី លោក Zelensky បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ជំហានរឹងមាំដើម្បីកាត់បន្ថយភាពតានតឹង ដើម្បីនាំដំណើរការសន្តិភាពឱ្យកាន់តែខិតជិតមកដល់។ ខណៈពេលជាមួយគ្នានេះ ប្រធានាធិបតី លោក ត្រាំ ក៏បានលើកឡើងថា ការប៉ះទង្គិចគ្នានេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មប្រេងរបស់រុស្ស៊ី ហើយបានអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នាផងដែរ៕

