មេធំក្រុមហ៊ុនកំពូលៗរូបនេះណាខ្លះ​នឹងចូលរួមក្នុងពិធីជប់លៀងស្វាគមន៍លោក ស៊ី នៅសេតវិមាន?

អន្តរជាតិ

យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ថា្នក់ដឹកនាំក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាធំៗរបស់អាមេរិកជាច្រើនរូប នឹងចូលរួមនៅក្នុងពិធីបដិសណ្ឋារកិច្ចសម្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ខណៈពេលដែលតំណាងមេដឹកនាំក្រុមហ៊ុនមកពីប្រទេសចិន នៅមិនទាន់ដឹងនៅឡើយទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ដោយនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ របាយការណ៍ព័ត៌មានបានឱ្យដឹងថា ថ្នាក់ដឹកនាំអាមេរិក និងចិន នឹងពិភាក្សាលើរឿងសំខាន់ៗជាច្រើន ដូចជាការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម, ការគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), លទ្ធភាពនៃការបន្តការចរចាត្រួតពិនិត្យអាវុធឡើងវិញ, ការលើកកម្ពស់ប្រព័ន្ធទំនាក់ទំនងយោធា និងការដោះស្រាយភាពតានតឹងនៅមជ្ឈិមបូព៌ាផងដែរ។

គួរឲ្យដឹងថាភាគីទាំងពីរត្រូវបានរំពឹងថានឹងចូលរួមពិធីបដិសណ្ឋារកិច្ចនៅថ្ងៃទី២៤ ខែកញ្ញា នៅវិមានសេតវិមាន។ ហើយបើតាមប្រភពពី CNBC បានឱ្យដឹងថា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Microsoft លោក Satya Nadella នឹងស្ថិតនៅក្នុងចំណោម CEO អាមេរិកកំពូលៗផ្សេងទៀតដែលត្រូវចូលរួមពិធីជប់លៀងផ្លូវរដ្ឋនេះ។ មន្ត្រីជាន់ខ្ពស់អាមេរិកក៏បានទម្លាយឈ្មោះមេធំក្រុមហ៊ុនផ្សេងទៀតដែលត្រូវចូលរួមផងដែរ ដោយក្នុងនោះរួមមាន៖

លោក Jensen Huang (ក្រុមហ៊ុន Nvidia) , Sam Altman (ក្រុមហ៊ុន OpenAI) , Sundar Pichai (ក្រុមហ៊ុន Google) , Elon Musk (ក្រុមហ៊ុន Tesla និង SpaceX) , Jane Fraser (ក្រុមហ៊ុន Citigroup) , Jeff Bezos (ក្រុមហ៊ុន Amazon) , Tim Cook (ក្រុមហ៊ុន Apple) , Michael Dell (ក្រុមហ៊ុន Dell) និងលោក Mark Zuckerberg (ក្រុមហ៊ុន Meta)។

ទោះជាយ៉ាងណាក៏ដោយ ខាងភាគីចិនវិញ រហូតមកដល់ពេលនេះមានព័ត៌មានតិចតួចណាស់អំពីថ្នាក់ដឹកនាំធុរកិច្ចរូបណាដែលនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកជាមួយលោក ស៊ី ជីនពីង នៅសប្តាហ៍នេះ។

ប៉ុន្តែបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីសប្តាហ៍មុនថា CEO ដែលអាចមានវត្តមាននៅលើទឹកដីអាមេរិក ដូចជាតំណាងមកពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្ស BYD, ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិច Xiaomi, Hisense, ក្រុមហ៊ុនផលិតថ្ម CATL និង Gotion, ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Wanxiang, ធនាគាររដ្ឋ Bank of China និងក្រុមហ៊ុនកសិឧស្សាហកម្ម COFCO ផងដែរ៕​