ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទិញភាគហ៊ុនដែលមានតម្លៃរហូតដល់ ៥០ ០០០ដុល្លារ និងបានលក់វិញក្នុងតម្លៃ ១៥ ០០០ដុល្លារនៅក្នុងក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីមានដាច់គេ Elon Musk កាលពីខែកក្កដា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមឯកសារបង្ហាញពីហិរញ្ញវត្ថុដែលលោកបានចុះហត្ថលេខានៅថ្ងៃទី៨ ខែកញ្ញា បានឲ្យដឹងថា លោក ត្រាំ បានទិញភាគហ៊ុនដែលមានតម្លៃចន្លោះពី ១៥ ០០១ដុល្លារ ដល់ ៥០ ០០០ដុល្លារនៅក្នុងក្រុមហ៊ុន SpaceX កាលពីថ្ងៃទី១០ ខែកក្កដា។ មិនតែប៉ុណ្ណោះ លោកក៏បានលក់ភាគហ៊ុនដែលមានតម្លៃចន្លោះពី ១ ០០១ដុល្លារ ដល់ ១៥ ០០០ដុល្លារចេញវិញផងដែរនៅថ្ងៃទី១៧ ខែកក្កដា។
យ៉ាងណាមិញ ជុំវិញការជួញដូរចុងក្រោយនេះ បានបន្ថែមនូវទំនាក់ទំនងហិរញ្ញវត្ថុថ្មីមួយផ្សេងទៀតរវាងប្រធានាធិបតីអាមេរិក និងក្រុមហ៊ុនរ៉ុក្កែតរបស់លោក Musk នៅពេលដែលរដ្ឋបាលកំពុងធ្វើការសម្រេចចិត្តដែលអាចប៉ះពាល់ដល់ជោគវាសនារបស់ក្រុមហ៊ុននេះ។
គួរជម្រាបជូនថា ក្រុមហ៊ុន SpaceX បានបោះផ្សាយលក់ IPO ជាលើកដំបូងដ៏ធំបំផុតមិនធ្លាប់មានរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែមិថុនា ដោយបានធ្វើឲ្យតម្លៃមូលធនរបស់ក្រុមហ៊ុនផ្តល់សេវាអវកាស ផ្កាយរណប និង AI មួយនេះ កើនដល់ ១,៧៧ទ្រីលានដុល្លារ។ ក្នុងនោះដែរទីភ្នាក់ងារសារព័ត៌មាន Reuters ធ្លាប់បានរាយការណ៍ថា លោក ត្រាំ ក៏បានទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន SpaceX កាលពីខែមិថុនានោះផងដែរ៕

