ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ជូនសាធារណជនឲ្យបានជ្រាបថា ដើម្បីប្រមូលថវិការសម្រាប់ទ្រទ្រង់ដល់ដំណើរការដោះស្រាយជូនអតិថិជនដែលបានទិញផ្ទះ និងដីឡូត៍ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា គ្រុប ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ស្លែង និងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ក្រសួង ដ.ន.ស បានអនុញ្ញាតឲ្យក្រុមហ៊ុន ដាក់លក់ឡៃឡុងដីឡូត៍ដែលនៅទំនេរចំនួន ១២៩១ក្បាលដី ក្នុងគម្រោង ឡេង ណាវ៉ាត្រា ដែលមានទីតាំងស្ថិតនៅភូមិខ្នារ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្រសួងបានបញ្ជាក់ថា ការដាក់លក់ដីឡូត៍ឡៃឡុងនេះ ជាដីដែលមានទីតាំងពិតប្រាកដ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណបំបែកក្បាលដី) រួចរាល់ មិនពាក់ព័ន្ធនឹងតតិយជន និងមិនប៉ះពាល់លើទីតាំងដីឡូត៍ដែលអតិថិជនបានទិញឬដោះដូរកន្លងមកនោះឡើយ។
សម្រាប់រាល់ប្រតិបត្តិការទូទាត់ប្រាក់លក់ទិញដីឡូត៍ខាងលើ ត្រូវធ្វើឡើងតាមគណនីក្រសួងនៅធនាគារកាណាឌីយ៉ា ដែលមានលេខ 001-0008564111 ដូចមានក្នុង QR Code ភ្ជាប់ក្នុងសេចក្តីប្រកាសព័ត៌មាននេះ។
សូមជម្រាបថា កាលពីពេលថ្មីៗប៉ុន្មានថ្ងៃកន្លងទៅនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បានប្រកាសលក់ដីឡៃឡុងបញ្ចុះ ៧៥% ដោយបើកលក់ដំណាក់កាលទី១ ចាប់ពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២៦ តម្លៃត្រឹមតែចាប់ពី ៩៥០ដុល្លារប៉ុណ្ណោះ ក្នុងមួយឡូត៍ (៥×២០ម) ដែលមានទីតាំងនៅគម្រោង បុរី ឡេង ណាវ៉ាត្រា ស្រុកបន្ទាយស្រី។ អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ដីគឺមានការអនុញ្ញាតពីក្រសួងរៀបចំដែនដី ហើយថវិកាដែលបងប្អូនបង់គឺបង់ចូលគណនីរបស់ក្រសួង នៅទីតាំងលក់ផ្ទាល់តែម្ដង៕














