ក្រសួងរៀបចំដែនដី ចេញសេចក្តីប្រកាសព័ត៌មាន អនុញ្ញាតឲ្យក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា ដាក់លក់ឡៃឡុងដីឡូត៍ ជិត ១,៣០០ក្បាលដី នៅស្រុកបន្ទាយស្រី និងបញ្ជាក់ថាជាដីមានទីតាំងពិតប្រាកដ

ជុំវិញ​ឧកញ៉ា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ជូនសាធារណជនឲ្យបានជ្រាបថា ដើម្បីប្រមូលថវិការសម្រាប់ទ្រទ្រង់ដល់ដំណើរការដោះស្រាយជូនអតិថិជនដែលបានទិញផ្ទះ និងដីឡូត៍ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា គ្រុប ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ស្លែង និងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ក្រសួង ដ.ន.ស បានអនុញ្ញាតឲ្យក្រុមហ៊ុន ដាក់លក់ឡៃឡុងដីឡូត៍ដែលនៅទំនេរចំនួន ១២៩១ក្បាលដី ក្នុងគម្រោង ឡេង ណាវ៉ាត្រា ដែលមានទីតាំងស្ថិតនៅភូមិខ្នារ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងបានបញ្ជាក់ថា ការដាក់លក់ដីឡូត៍ឡៃឡុងនេះ ជាដីដែលមានទីតាំងពិតប្រាកដ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណបំបែកក្បាលដី) រួចរាល់ មិនពាក់ព័ន្ធនឹងតតិយជន និងមិនប៉ះពាល់លើទីតាំងដីឡូត៍ដែលអតិថិជនបានទិញឬដោះដូរកន្លងមកនោះឡើយ។

សម្រាប់រាល់ប្រតិបត្តិការទូទាត់ប្រាក់លក់ទិញដីឡូត៍ខាងលើ ត្រូវធ្វើឡើងតាមគណនីក្រសួងនៅធនាគារកាណាឌីយ៉ា ដែលមានលេខ 001-0008564111 ដូចមានក្នុង QR Code ភ្ជាប់ក្នុងសេចក្តីប្រកាសព័ត៌មាននេះ។

សូមជម្រាបថា កាលពីពេលថ្មីៗប៉ុន្មានថ្ងៃកន្លងទៅនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បានប្រកាសលក់ដីឡៃឡុងបញ្ចុះ ៧៥% ដោយបើកលក់ដំណាក់កាលទី១ ចាប់ពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២៦ តម្លៃត្រឹមតែចាប់ពី ៩៥០ដុល្លារប៉ុណ្ណោះ ក្នុងមួយឡូត៍ (៥×២០ម) ដែលមានទីតាំងនៅគម្រោង បុរី ឡេង ណាវ៉ាត្រា ស្រុកបន្ទាយស្រី។ អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ដីគឺមានការអនុញ្ញាតពីក្រសួងរៀបចំដែនដី ហើយថវិកាដែលបងប្អូនបង់គឺបង់ចូលគណនីរបស់ក្រសួង នៅទីតាំងលក់ផ្ទាល់តែម្ដង៕