ក្រសួងរៀបចំដែនដី ប្រកាសទទួលពិនិត្យឯកសារស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិជូនអតិថិជនដែលបានទិញផ្ទះនិងដីឡូត៍ពីក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ចាប់ពីថ្ងៃទី២៨ ខែកញ្ញា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនសាធារណជន ដែលជាអតិថិជនបានទិញផ្ទះនិងដីឡូត៍ពីក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក ពីឈ្មោះ ឡេង ភត្រា, ឈិន ស្រីម៉ាច, ឡេង បញ្ចពណ៌, ឡេង ប្រុស, វ៉ន សុមេត្ត, ឡេង និមល, សុន ដារ៉ាវុធ, និងឈ្មោះ ម៉េង ស៊ីដេន ដែលពុំទាន់បានចុះបញ្ជីផ្ទេរកម្មសិទ្ធនៅឡើយ ឲ្យបានជ្រាបថា ដើម្បីអាចបន្តចរន្តការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុពីក្រុមហ៊ុនឬពីឈ្មោះបុគ្គលខាងលើទៅ លោក លោកស្រី ក្រសួងនឹងទទួលពិនិត្យលើឯកសារស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅបន្ទប់លេខ១១៦ ជាន់ទី១ នៃទីស្តីការ ក្រសួង ដ.ន.ស. រៀងរាល់ម៉ោងធ្វើការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ លោក លោកស្រី ត្រូវភ្ជាប់មកជាមួយឯកសារដូចខាងក្រោម៖

១.កិច្ចសន្យាលក់ទិញផ្ទះនិង/ឬដីឡូត៍ (ច្បាប់ដើម)

២.វិក្កយបត្របង់ប្រាក់ ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើមឬច្បាប់ថតចម្លង)

៣.វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ច្បាប់ដើម)

៤.ពាក្យសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិចំនួន ៣ច្បាប់

៥.លិខិតលក់ផ្តាច់ចំនួន ៣ច្បាប់

៦.ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិដូចមានក្នុងឧបសម្ព័ន្ធ។

ក្រសួង បានបញ្ជាក់ផងដែរថា ចំពោះបន្ទុកលើការបង់កម្រៃសេវាសុរិយោដី ពន្ធ និងអាករផ្សេងៗ ជាបន្ទុករបស់លោក លោកស្រី។

សូមជម្រាបថា ក្រសួងរៀបចំដែនដី បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលដោះស្រាយបញ្ហានានា ដែលកើតឡើងចំពោះអតិថិជននៃ បុរី ឡេង ណាវ៉ាត្រា។ ក្រសួងបានធ្វើការជាមួយបុរី ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយស្មារតីឈ្នះ-ឈ្នះ សម្រាប់ភាគីទាំងអស់។ ជាក់ស្តែង ក្រសួងបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា និងបានអញ្ជើញតំណាងអតិថិជនមកជួបពិភាក្សាអំពីវឌ្ឍនភាពនៃការបំបែកប័ណ្ណផ្ទេរកម្មសិទ្ធិជូនផងដែរ។