ក្រសួងនឹងដាក់ឱ្យប្រើបច្ចេកវិទ្យា DIP ដើម្បីកាត់បន្ថយការកកស្ទះរង់ចាំទិញសំបុត្រផ្លូវល្បឿនលឿន

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន ផ្លូវល្បឿនលឿន និងគ្រឹះស្ថានធនាគារ-ហិរញ្ញវត្ថុជាដៃគូ គ្រោងនឹងបញ្ចប់ ការរៀបចំដេីម្បីដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ នូវប្រព័ន្ធបំពាក់បច្ចេកវិទ្យា DIP សម្រាប់ការគ្រប់គ្រង និងប្រមូលចំណូលចេញចូលប្រេីប្រាស់ផ្លូវល្បឿនលឿន នាថ្ងៃទី៩ វិច្ឆិកា ២០២២ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការ បានបញ្ជាក់ថា ក្រសួងកំពុងជំរុញការសហការជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន និងគ្រឹះស្ថានធនាគារ-ហិរញ្ញវត្ថុជាដៃគូ ក្នុងការបំពាក់បច្ចេកវិទ្យា DIP សម្រាប់ការគ្រប់គ្រង និងប្រមូលចំណូលចេញចូលប្រេីប្រាស់ផ្លូវល្បឿនលឿន ដែលធានាភាពលឿនរហ័ស ងាយស្រួល សុវត្ថិភាព សម្រាប់អ្នកប្រេីប្រាស់ផ្លូវ និងធានាការធ្វេីអាជីវកម្មក្រុមហ៊ុនកាន់តែមានប្រសិទ្ធភាព និងតម្លាភាព សម្រាប់សង្គមជាតិ ជាពិសេសធានាការប្រមូលចំណូលថវិកាជាតិ កាន់តែមាភាពប្រសេីរឡេីង ។

ប្រព័ន្ធបច្ចេកវិទ្យា DIP នេះ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ អាច បញ្ចូលសមតុល្យទឹកប្រាក់ជាមុន តាមរយៈផ្លាកលេខ និងជួយសម្រួលឱ្យការចេញចូលផ្លូវល្បឿនលឿន បានលឿនរហ័ស កាត់បន្ថយការកកស្ទះ បង្ការពីជំងឺកូវីដ១៩ ព្រមទាំងបញ្ជៀសការប្រើកាតចេញចូលដែលប្រឈមការបាត់បង់ផងដែរ ឬផាកពិន័យផ្សេងៗផងដែរ។

ទិន្នន័យពីក្រសួងសាធារណការ បានឲ្យដឹងថា ក្នុងរយៈពេល៣១ថ្ងៃ នៃការបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃរាប់ថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន ៤៣៧ ៣៨១គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

សូមជម្រាបថា ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បាននឹងកំពុងចាប់ផ្តើមគិតថ្លៃសេវាធ្វើដំណើរ ចាប់ថ្ងៃទី០១ ខែវិច្ឆិកានេះតទៅ។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃសេវាចំនួន ២០% ជូនដល់បងប្អូនអ្នកធ្វើដំណើរផងដែរ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣៕