លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានលើកឡើងេពីកាលានុវត្តភាពក្រោមគំនិតផ្ដួចផ្ដើមតាមរយៈច្រករបៀងមច្ឆានិងអង្ករ ដោយវិនិយោគគិនអាចបណ្ដាក់ទុនវិនិយោគលើវិស័យ៣ធំៗ។

ការលើកឡើងរបស់លោកអនុរដ្ឋលេខាធិការក្នុងសន្និសីទលើកកម្ពស់កិច្ចសហប្រតិបត្តិការកសិកម្មចិន-អាស៊ាន នៅសារធារណរដ្ឋប្រជាមានិតចិននាថ្ងៃទី២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញលើកកម្ពស់ការនាំចេញផលិតផលកសិកម្មសក្ដានុពល និងការកែច្នៃកសិ-ស្បៀងអាហារ នៅទីក្រុងជូម៉ាទៀន ខេត្តហឺណាន សារធារណរដ្ឋប្រជាមានិតចិន។

វិស័យ៣ធំៗដែលវិនិយោគិនអាចបណ្តាក់ទុនវិនិយោគតាមរយៈច្រករបៀងមច្ឆានិងអង្ករ រួមមាន (១)ការបង្កើតរោងចក្រកែច្នៃអាហារដោយផ្ទាល់នៅប្រទេសកម្ពុជា ក្រោមទម្រង់វិនិយោគមានលក្ខណៈគ្រប់គ្រាន់(QIP) ដើម្បីជំរុញការកែច្នៃ និងនាំចេញផ្ទាល់តែម្ដង (២)វិនិយោគលើមជ្ឈមណ្ឌលឃ្លាំងស្ដុកទុក និងសម្ងួត និង(៣)ការវិនិយោគលើប្រព័ន្ធភស្តុភារកម្មត្រជាក់ ដែលជាតម្រូវការបច្ចុប្បន្ន និងនាពេលអនាគត។

គួរឱ្យដឹងថា វិស័យកសិកម្មកម្ពុជា ដែលបានចុះហត្ថលេខាលើពិធីសារនាំចេញរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយនឹងអគ្គរដ្ឋបាលគយចិន ចំនួន១៩មុខ គិតត្រឹមឆ្នាំ២០២៦នេះ រួមមាន៖ អង្ករ ចេក មៀន ស្វាយ ធុរេន ដំឡូងមី ស្វាយចន្ទី ម្រេច ទឹកមាត់ត្រចៀកកាំ ផលិតផលជលផល និងកសិផលសក្តានុពលជាច្រើនទៀត។ នេះបើតាមការគូសបញ្ជាក់បន្ថែមពី លោក គី ច័ន្ទរំដួល៕





