លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta បានទម្លាក់តំណែងរបស់លោក Michael Dell ស្ថាបនិកក្រុមហ៊ុន Dell Technologies ដើម្បីឡើងចំណាត់ទី៤ ក្នុងនាមជាមហាសេដ្ឋីមានដាច់គេនៅលើពិភពលោក បន្ទាប់ពីការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានធ្វើឱ្យទ្រព្យសម្បត្តិរបស់លោកកើនឡើងដល់ ២៦៦,៤ពាន់លានដុល្លារ។

យោងតាមទស្សនាវដ្តី Forbes បានបង្ហាញថាភាគហ៊ុនរបស់ Meta បានកើនឡើង ៤,៥% ដែលជាការកើនឡើងខ្ពស់បំផុតប្រចាំឆ្នាំ។ ការកើនឡើងបានធ្វើឲ្យលោក Mark វ៉ាដាច់ស្ថាបនិកក្រុមហ៊ុន Dell Technologies ដែលមានទ្រព្យសម្បត្តិចំនួនសរុប ២៦៥,៥ពាន់លានដុល្លារ។
គួរឲ្យដឹងថាការផ្លាស់ប្តូរនេះបានបន្តកំណើនយ៉ាងឆាប់រហ័សសម្រាប់លោក Mark Zuckerberg ដោយសារវិនិយោគិនបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការរុញច្រានរបស់ក្រុមហ៊ុន Meta ចូលទៅក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ជម្រាបជូនថា ការឡើងតំណែងរបស់លោក Mark នេះ បានកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក Dell បានក្លាយជាបុគ្គលមានបំផុតទី២ លើពិភពលោកក្នុងរយៈពេលខ្លី។ លោក Dell បានឡើងដល់ចំណាត់ថ្នាក់ទី៣ ជាលើកដំបូងនៅថ្ងៃទី៨ ខែកញ្ញា មុនពេលទម្លាក់លោក Larry Page ដែលជាស្ថាបនិកម្នាក់របស់ Google មួយថ្ងៃក្រោយមកដើម្បីឈរនៅចំណាត់ថ្នាក់ទី២ នៅពេលដែលទ្រព្យសម្បត្តិរបស់លោកបានកើនឡើងដល់ ២៧៣,២ពាន់លានដុល្លារ៕

