ក្រុមហ៊ុនគាំទ្រដោយកូនប្រុសទាំងពីររបស់លោក ត្រាំ គ្រោងពង្រីកអាជីវកម្មទៅក្នុងវិស័យផលិតដ្រូន

អន្តរជាតិ

Aureus Greenway ដែលជាក្រុមហ៊ុនក្លិបវាយកូនហ្គោលដែលគាំទ្រដោយកូនប្រុសទាំងពីររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃ៩ ខែមីនាថា ខ្លួននឹងរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Powerus ក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានធ្វើឡើង ដើម្បីនាំយកក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក ឬដ្រូន ទៅកាន់ទីផ្សារហ៊ុនជាសាធារណៈ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញប្រតិបត្តិការនេះ គឺជាការវិនិយោគចុងក្រោយបង្អស់របស់លោក Eric និង Donald Trump Jr. នៅក្នុងវិស័យយន្តហោះគ្មានមនុស្សបើក បន្ទាប់ពីមានកិច្ចព្រមព្រៀមរួមបញ្ចូលគ្នាតម្លៃ ១,៥ពាន់លានដុល្លារកាលពីខែមុន រវាងក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកអ៊ីស្រាអែល XTEND និងក្រុមហ៊ុន JFB Construction ដែលមានមូលដ្ឋាននៅរដ្ឋផ្លរីដា។

គួរឲ្យដឹងថា ក្រុមហ៊ុន Powerus ទើបតែត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២៥ ដោយលោក Andrew Fox ដែលមានជំនាញក្នុងការផលិតដ្រូន ជាពិសេសប្រើប្រាស់នៅក្នុងវិស័យយោធា។ ហើយនៅក្នុងកិច្ចព្រមព្រៀងមរួមបញ្ចូលគ្នាចុងក្រោយនេះ លោក Fox ត្រូវបានគេរំពឹងថានឹងបម្រើការជានាយកប្រតិបត្តិផង និងជាប្រធានក្រុមហ៊ុនផង។

ជម្រាបជូនផងដែរថា យន្តហោះគ្មានមនុស្សបើក បានក្លាយជាអាទិភាពផ្គត់ផ្គង់ដ៏សំខាន់សម្រាប់មន្ទីរបញ្ចកោណ ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ុយក្រែន ជាកន្លែងដែលប្រព័ន្ធការពារដែនអាកាសដ៏ក្រាសត្រូវបានដាក់ពង្រាយ៕​