សហរដ្ឋអាមេរិក និងប្រទេសចិន បានព្រមព្រៀងគ្នាកាត់បន្ថយពន្ធគយទៅវិញទៅមកក្នុងទំហំទឹកប្រាក់ប្រមាណ ៣០ពាន់លានដុល្លារ ព្រមទាំងរៀបចំកិច្ចប្រជុំពិភាក្សាអំពីបញ្ហាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេលពីរខែខាងមុខផងដែរ។

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua នៅថ្ងៃទី២៦ ខែកញ្ញា បានរាយការណ៍ថា ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើកិច្ចព្រមព្រៀង ៨ ចំណុច ដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីពេលថ្មីៗនេះ។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសចិនបានឱ្យដឹងផងដែរថា ភាគីទាំងពីរបានយល់ព្រមបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មថ្មីមួយ ដើម្បីពង្រីកលទ្ធផលនៃកិច្ចចរចាពីមុននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃរវាងលោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ភាគីទាំងពីរបានព្រមព្រៀងគ្នារៀបចំការសន្ទនាជុំវិញហានិភ័យ និងអត្ថប្រយោជន៍នៃ AI ព្រមទាំងបង្កើតប្រព័ន្ធទំនាក់ទំនងដើម្បីដោះស្រាយឧប្បត្តិហេតុផ្សេងៗ។ កិច្ចពិភាក្សាជុំបន្ទាប់ត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅ នៅខែវិច្ឆិកាខាងមុខ។
មិនតែប៉ុណ្ណោះ មេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរថា ប្រទេសអ៊ីរ៉ង់ត្រូវតែគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយបានអះអាងថា គ្មានប្រទេស ឬអង្គភាពណាមួយត្រូវបានអនុញ្ញាតឱ្យប្រមូលថ្លៃឆ្លងកាត់នៅលើផ្លូវទឹកអន្តរជាតិឡើយ៕

